ព្រះវិហារបុរាណនៅវត្តប្រាសាទ លលៃប្រែសោភ័ណភាព ក្រោយបញ្ចប់ការជួសជុល

សៀមរាប៖ គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណ នៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២

   ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពី សំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំង ស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះ មានបណ្តោយ ២៧,៥ម ទទឹង ១១,២ម និងកម្ពស់ ១៥,៥ម។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការ សិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង៕