រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ

សៀមរាប÷ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអមដំណើរឯកឧត្តម Phil Twyford រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន ពិនិត្យមើលសមិទ្ធិផលសំខាន់ៗនៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានអនុវត្តចំនួនបីដំណាក់កាលកន្លងមកចាប់ពីចាប់ ២០០៩ ដល់ឆ្នាំ២០១៩ និងគម្រោងនាពេលអនាគត (ដំណាក់កាលទី៤) ដោយផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ។ គម្រោងសហប្រតិបត្តិការទ្វេរភាគីនេះមានសារៈប្រយោជន៍ខ្លាំង សម្រាប់ជួយឱ្យការថែរក្សាប្រព័ន្ធធារាសាស្រ្តសម័យបុរាណឲ្យគង់វង់និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការក្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ និងការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។

សូមរំលឹកផងដែរថា កន្លងមក ប្រទេសញ៉ូវហ្សឺលែន បានគាំទ្រអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងជាបន្តបន្ទាប់រួមមានបីដំណាក់កាល៖

  • ដំណាក់កាលទី១ (២០០៩ – ២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
  • ដំណាក់កាលទី២ (២០១១ – ២០១៣)៖ គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
  • ដំណាក់កាលទី៣ (២០១៤ – ២០១៩)៖ គម្រោង “អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ” ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)៕