អាជ្ញាធរជាតិអប្សរា ធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងិវញ

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការ ជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហាឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ ២០២២ខាងមុខ។ លោក ហួរ សុធន ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ និងទទឹង២០ម៉ែត្រ និងកម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខ កាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។ ជើងទម្រលិង្គ ដែលធ្វើពីថ្មភក់នោះ ស្ទើរតែ៩០ភាគរយរងការខូច ខាត  រីឯលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ   ពីព្រោះយើងប្រទះឃើញបំណែកតូចៗយ៉ាងច្រើននៅពាស ពេញទាំងក្នុងដី និងលើដី។ ដោយឡែក ខឿនថ្មបាយ ក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការពុកផុយ  ក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះនៅលើខឿននោះមានដើមឈើដុះច្រើន  ឬសឈើបានចាក់ជ្រែក ចូលប្រលោះថ្ម បង្កើតជាចន្លោះដែលជាលក្ខណេះជាយស្រួលដល់ការហូរច្រោះនៃទឹកភ្លៀង ដំបូកកណ្តៀរបង្កឱ្យមានការបាក់ស្រុត ដោយផ្នែក  និងកង្វះការថែទាំពីមុនមក។

បុរាណវិទូរូបនេះ ឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ពន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ បំណែកក្បឿងច្រើន និងបំណែកនាងច្រាលខ្លះ ដែលអាចបញ្ជាក់បានថាទីតម្កល់លិង្គនេះ ដើមឡើយ ប្រហែលមានសំណង់ឈើប្រក់ក្បឿងគ្របពីលើលិង្គនៅពីលើខឿនថ្មបាយក្រៀមនេះ។ ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ នឹងជួបបញ្ហាប្រឈមមួយចំនួនដូចជា  ការដ្ឋានស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ តួលិង្គមានទម្ងន់ច្រើនតោនលំបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុល។

ពាក់ព័ន្ធនិងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការ ពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕