ទឹកជំនន់ដោយសារភ្លៀងខ្លាំង ក្នុងរយៈពេលជាង១០ថ្ងៃមកនេះ ធ្វើឱ្យពលរដ្ឋជាង២ម៉ឺនគ្រួសារនៅខេត្តសៀមរាប រងការប៉ះពាល់

ខេត្តសៀមរាប÷ អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថាទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងរហូតមកដល់ពេលនេះ បានធ្វើឱ្យខូចខាតដំណាំស្រូវនិងដំឡូងមីចំនួនជិត៤ម៉ឺនហិកតារ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋចំនួនជាង២៥០០០គ្រួសារ ទទួលរងការប៉ះពាល់។

រដ្ឋបាលសាលាខេត្តសៀមរាប ឱ្យដឹងថាគ្រោះធម្មជាតិនេះ បានបង្កឱ្យមានការប៉ះពាល់ និងការខូចខាតដំណាំស្រូវទំហំដី៣២ ៦៥៣ហិកតា ដែលជារបស់ប្រជាពលរដ្ឋចំនួន២៣៥៧៨គ្រួសារ ប៉ះពាល់និងខូចខាតដំឡូងមីទំហំដី៤៦២៦ហិកតារ ដែលជារបស់ប្រជាពលរដ្ឋចំនួន៣៦២៦គ្រួសារ។ ជាមួយគ្នានេះ ទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសត្វចិញ្ចឹមផងដែរ។

របាយការណ៍របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដសៀមរាប ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ ជំនន់ដោយសារទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥០៣១គ្រួសារ ប៉ះពាល់ភូមិចំនួន៣១៤ភូមិ ឃុំចំនួន៦១ ក្នុងស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ៕