Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 5)

siemreaptoday

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើ នៅទិសឦសាននៃប្រាសាទបាពួន

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយក​ដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន។ ការរៀបចំនេះគឺដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាង​ជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។ ការដំឡើងជណ្តើរឈើនេះដែរ ក៏ដើម្បីសម្រួលឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងរាជវាំងចាស់បានស្រួល ការពារការដើរទាក់ជើងនិងឬសឈើ ក៏ដូចជាជួយការពារឬសឈើ និងកាត់បន្ថយការដើរជាន់ដុំថ្ម ព្រមទាំងរូបចម្លាក់ផ្សេងៗនៅលើកំពែងនេះផង៕

Read More »

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

នៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ។ ការរៀបចំនេះគឺក្នុងគោលបំណងទី១: ផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី២: ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិកសរុបចំនួន១០០​នាក់។ សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ ក្នុងនោះ ក៍មានធ្វើបទបង្ហាញចំនួន៣សំខាន់ៗ ទី១: បទបង្ហាញស្តីពី អង្គរ និងបរិស្ថាន ទី២:បទបង្ហាញស្តីពីការបង្កើតគម្របព្រៃឈើ និងចែកចាយកូនឈើ ទី៣: បទបង្ហាញស្តីពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនជាតិ អន្តរជាតិយល់ដឹងពីការងារអាជ្ញាធរជាតិអប្សរា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងការពារបរិស្ថាន រួមទាំងសំណួរ-ចម្លើយ និងមតិសំណូមពរផ្សេងៗ ដែលសិក្ខាកាមអាចលើកឡើងដែរ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានភាពស្និទ្ធស្នាល និងប្រសិទ្ធភាព៕

Read More »

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់​លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។ បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕

Read More »

អាជ្ញាធរជាតិអប្សរាជួសជុលខ្លោងទ្វារ ប្រាសាទមេបុណ្យខាងកើត អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួស​ជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ពន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕

Read More »

ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា លើវិស័យបេតី​កភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តមបណ្ឌិត Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា អនុស្សារណៈនេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការណ៍នេះ ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

Read More »

ពិធីលៀងមេមត់នៅតែជាជំនឿដែលខ្មែរគោរពតាំងពីយូលង់មក

លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងដើម្បីសុំសេចក្ដីសុខ និងសេចក្ដីចម្រើនឱ្យព្រលឹងដូនតាដែលជាគ្រូកំណើតឱ្យបានសប្បាយផង និងឱ្យអ្នកស្នងរូបបានជាពីជំងឺផ្សេងៗ ព្រមទាំង ការបង្ហាញនូវការនឹកគុណដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក។ លោកតា ឌិន ហាន ឱ្យដឹងទៀតថា បន្ទាប់ពីបន់ស្រន់រួចហើយ បើសិនអ្នកជំងឺបានជាសះស្បើយហើយ យើងត្រូវរៀបចំពិធីលៀងមេមត់ទៅតាមថ្ងៃខែដែលបានសន្យាជាមួយគ្រូ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ឱ្យចំថ្ងៃព្រហស្បតិ៍ ចំថ្ងៃពេញបូណ៌មី ខែមាឃ។ លោកតា បន្តទៀតថា មុនដល់ពិធីលៀងមេមត់នេះ យើងត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ ហើយបន្ទាប់ពីពិធីឡើងអ្នកតា គឺមានកិច្ចពិធីសំពះគ្រូ …

Read More »

អតីតអ្នកបួសម្នាក់ រស់នៅតំបន់រមណីយដ្ឋានអង្គរ បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត

សៀមរាប÷នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅ​ទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយ​សារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យ​ថ្មី។ លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ …

Read More »

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រម​ទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕

Read More »

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទ​តាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។ អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួស​ជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួស​ជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត …

Read More »

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ធ្វើយ៉ាងនេះគឺដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។  គម្រោងសហការនេះសំដៅលើការរៀបចំប្លង់និងផែនការមេ ការលើកកម្ពស់ទេសភាពវប្បធម៌ដោយរុះរើសំណង់មិនរៀបរយចេញ រៀបចំថ្នាលបណ្តុះកូនឈើ ជួសជុលរហាត់ទឹកឱ្យដំណើរការឡើងវិញ កែលម្អសោភ័ណភាព អនាម័យ បរិស្ថាន និងសម្បទាចាំបាច់សម្រាប់គាំទ្រដល់ការដាក់ឱ្យដំណើរការស្ថានីយនេះទាំងមូលនាពេលឆាប់ៗខាងមុខនេះ៕

Read More »

Categories