សៀមរាប៖ គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសនារ សៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ ថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូងបានច្រើន ជាងគេនៅលើពិភពលោក ដែលមានរហូតដល់ទៅ ៣.៩១៧.៨០៥បេះដូង។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៍ថា៖ ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។ នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។
ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ ឯកត្តម បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីរចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។

ឯកឧត្តម បានបញ្ជាក់ពីគោលបំណងនៃការបត់បេះដូងច្រើនជាងគេលើពិភពលោកនេះ មិនមែនផ្តោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ។ អ្វីដែលជាបំណងបន្ថែមទៀតនោះគឺការបង្កើតកម្មវិធីដែលនាំមកនូវប្រជាជនគ្រប់ទិសទី គ្រប់កោ សិកាសង្គម ឬអាចនិយាយថា ការនាំមកនូវភាពខុស គ្នា មករួមគ្នាក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នាក្នុងគោលដៅតែមួយ។

តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាសបញ្ជាក់ពី ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថាការចូលរួមទាំងអស់ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការ ចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលាឬធនធានផ្ទាល់ខ្លួនសម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។

ជាមួយគ្នានេះ លើសពីការចូលរួមជាលក្ខណៈបុគ្គលមានស្ថាប័នមួយចំនួនបានយកកម្មវិធីនេះទៅបង្កើតជាយុទ្ឋនាការផ្ទាល់ខ្លួនបង្កើតជាកម្មវិធីនៃការប្រកួតប្រជែង ជាកម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជា Challengនិងប្រមូលបេះដូងបង្កើតជាផ្នែកមួយចូល រួមក្នុងកម្មវិធីបេះដូងច្រើនជាងគេនៅលើពិភពលោក។

សូមបញ្ជាក់ជូនថា៖ កម្មវិធីបត់បេះដូង មានប្រជាពល រដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានមកពីទូទាំង២៥រាជធានីខេត្ត មានទាំងព្រះសង្ឃ សិស្ស និស្សិត មន្ត្រីស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសមាគមនានា ជាពិសេសសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សរុបចំនួន៧៧ស្ថាប័នបានចូលរួម កម្មវិធីបត់បេះដូងច្រើនជាងគេលើពិភពលោក។
បន្ទាប់ពីការបំបែកឯតទគ្គកម្ម បេះដូងច្រើនជាងគេលើពិភពលោក សួនបេះដូងដែលបានរៀបចំនឹងដាក់តាំងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តចាប់ពីថ្ងៃទី១១ ខែមេសាឆ្នាំ២០២៣ ដល់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍នៅបរិវេណប្រាសាទអង្គរវត្ត។
សូមជម្រាបថា កំណត់ត្រាចាស់ដែលគ្រប់គ្រងដោយប្រទេសអង់គ្លេស កាលពីឆ្នាំ២០១៩នោះ មានបេះដូងដែលបត់អំពីក្រដាស តែចំនួន៥៣.៧០៤ បេះដូង៕
