សៀមរាប៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានតួនាទីក្នុងការណែនាំទិសដៅទស្សនា និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទជូនដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ។ តែថែមទាំងបានជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងជាយថា ហេតុក្នុងពេលភ្ញៀវទេសចរកំពុងដើរទស្សនានៅតំបន់រមណីយដ្ឋានអង្គរដែរ។
ជាក់ស្តែង បានជួយសង្គ្រោះភ្ញៀវទេសចរមានគ្រោះថ្នាក់ទាន់ពេលវេលា និងរក្សាទុកសម្ភារដែលភ្ញៀវជ្រុះឬភ្លេចដើម្បីប្រគល់ជូនម្ចាស់វិញជាដើម។
លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា កន្លងមកមានករណីភ្ញៀវរអិលជំពប់ជើងបណ្តាលឱ្យដួល គ្រេច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ក្បាលប៉ះជាមួយថ្មជាដើម។
ចំពោះករណីស្រាល ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិ កភណ្ឌជួយសង្គ្រោះទាន់ពេលវេលានៅនឹងកន្លែង។ ចំពោះករណីធ្ងន់វិញ ត្រូវសង្រ្គោះបឋមដោយធ្វើ CPR ដោយក្រុមការងារសុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែកសង្គ្រោះបឋម និងបញ្ជូនបន្តទៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែក ករណីភ្ញៀវទេសចរជ្រុះឬភ្លេចសម្ភារ ក៏ភ្នាក់ងារទេសចរណ៍ សហការជាមួយគ្រប់ផ្នែកពាក់ ព័ន្ធ ប្រគល់ជូនម្ចាស់ដើមវិញ។
សកម្មភាពទាំងនេះ តែងទទួលបាននូវការអរគុណ និងកោតសរសើរ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

