Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារព្រៃឈើកំពុងកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើកំពុងកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

សៀមរាប៖ ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់ គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើត​ប្រាសាទតាព្រហ្ម។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។

ក្រៅពីប្រយោជន៍ដូចជម្រាបខាងលើហើយ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។

ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាល​វាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូកបិទផ្ចិតរន្ធ ធ្វើដូច្នេះ គេអាចទប់ស្កាត់​ការពុកផុយ​បន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើង​របស់លោក គង់ សុវណ្ណារិទ្ធ ដែលធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើម ឈើ​ជាង១០ឆ្នាំមកហើយ។

គ្រឹះប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មានទំនាក់ទំនងខ្លាំងជាមួយទឹកក្រោមដី។ ហើយតំបន់ដែលមាន ទឹកក្រោមដីច្រើន ជាតំបន់ដែលសម្បូរដើមឈើដូចគ្នា។ ដូច្នេះហើយ ទើបការអភិរក្សប្រាសាទនៅ តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវការចាំបាច់នូវដើមឈើ និងទឹកដូចគ្នា។ លោក សុវណ្ណារិទ្ធ បន្ថែមថា៖« ប្រាសាទត្រូវការសំខាន់ប្រព័ន្ធទឹកក្រោមដី ហើយ ដើមឈើមានមុខងារសំខាន់ក្នុងតំបន់ឧទ្យានអង្គរដែល ជួយទាក់ទាញទឹកភ្លៀង ទប់ទឹកភ្លៀង និងជួយទឹកជ្រាបក្រោមដីល្អបំផុត ធៀបនឹងតំបន់ទីវាល តំបន់មាន​ដើមឈើ​មានទឹកយូរជាង មិនងាយខ្សោះទឹកដូចនៅតំបន់ទីវាលទេ»។

គួរបញ្ជាក់ថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម កន្លងមក​ក្រុមការងារព្រៃឈើ​ក៏បានព្យាបាលដើមឈើធំៗ​នៅតាមប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ។ អ្នកជំនាញព្រៃឈើ លោក សុវណ្ណារិទ្ធ ក៏សំណូមពរដល់ភ្ញៀវទេសចរមានការ ប្រុងប្រយ័ត្នកំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើ ដែលការណ៍នេះអាចបង្កអោយដើមឈើទាំងនោះងាយ មានជំងឺ។ល៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories