Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បច្ចេកទេសការថែទាំ និងអភិរក្សសមុច្ច័យនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

បច្ចេកទេសការថែទាំ និងអភិរក្សសមុច្ច័យនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

សៀមរាប÷ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។

ក្រុមអ្នកជំនាញរបស់សារមន្ទីរ បានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះ មិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះ មានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុនឱ្យដឹងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។ លោក សែន គឹមស៊ុន មានប្រសាសន៍ទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្ស ផលិតផលសូត្រទាំងនោះដើម្បីរក្សាទុកឱ្យបានយូរអង្វែង គឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំងដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជាការព្យួរ និងដាក់ក្នុងទូជៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើដែលអាចនាំឱ្យមេឬសត្វល្អិតស៊ី និងធ្វើឱ្យកកិតជាដើម។

រៀងរាល់ព្រឹកត្រូវបើកបង្អូច និងទ្វារក្នុងរយៈពេលខ្លី កុំឱ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៌នីមួយៗ សម្អាតកម្រាល និងជើងទម្រជាប្រចាំ ផ្លាស់ប្តូរទីតាំងជើងទម្រ ដើម្បីសម្អាតជៀសវាងមានធូលីកុំឱ្យមានសត្វល្អិត ឬធូលីតោងជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុង និងទ្វារនៃសាលពិព័រណ៍និងដាក់របាំងការពារសត្វកណ្តុរ។ ចំណុចយកចិត្តទុកដាក់មួយទៀត គឺនៅពេលដែលសមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេស ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឱ្យចេះពីវិធីជួសជុល និងសង្រ្គោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។

លោក សែន គឹមស៊ុន បានឱ្យដឹងទៀតថា ទាក់ទងនិងសាលសម្រាប់ដាក់តាំងពិព័ណ៌ទៀតសោត ក៏ត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឱ្យបានសមស្រប ជៀសវាងការហើរពណ៌របស់ផលិតផល។ ម្យ៉ាងវិញទៀត ការកំណត់សីតុណ្ហភាពរឹតតែសំខាន់ ដោយនៅគ្រប់សាលពិព័រណ៍ គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំ សម្រាប់ពិនិត្យតាមដាន កំណត់កម្តៅត្រឹម៣០អង្សា និងសំណើម៦៥ភាគរយ។


មន្ត្រីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងទៀតថា ដើម្បីសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឱ្យបានយូរអង្វែង សារមន្ទីរក៏មានដាក់បម្រាមសម្រាប់ភ្ញៀវដែលចូលមកទស្សនាទាំងឡាយ ហាមយកចំណីអាហារ និងភេសជ្ជៈចូល ហាមប៉ះ ឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗអាច ដល់សមុច្ច័យ៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories