សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី២០២៣ ខាងមុខនេះ នឹងយកវិញ្ញាសារចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង ដើម្បីបំបែកកំណត់ត្រាពិភពលោក។
លោកសោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមការចូលរួមបំបែកកំណត់ត្រាពិភពលោក ដោយវិញ្ញាសារចំនួន២គឺការរាំម៉ាឌីហ្សូន និងបត់រូបបេះដូង។
កាលឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភព លោកម្តងរួចមកហើយ លើការរាំចង្វាក់ម៉ាឌីហ្សូន កាលនោះមានយុវជនចំនួន២០១៥នាក់បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ។
លោក សោម រតនា បានថ្លែងបែបនេះ គឺក្នុងពេលសិក្ខាសាលាផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅក្រុងទេសចរណ៍សៀមរាបអង្គរ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៤។
លោកបានបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម”។ ព្រឹត្តិការណ៍នេះមានចំនួន៤៤កម្មវិធី និង៦គោលដៅ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏បានគាស់ រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីបំបែកកំណត់ត្រាពិភពលោក អង្គរសង្ក្រាន្តក៏នឹងនាំចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕