Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR សិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា បានបញ្ចប់ដោយជោគជ័យ

បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR សិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា បានបញ្ចប់ដោយជោគជ័យ

សៀមរាប៖ បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar) ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចំនួន៦នាក់ ដោយជោគជ័យ។

មន្ត្រីទាំង៦នាក់រួមមាន មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចំនួន៤នាក់ និងនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ ចំនួន ២នាក់ ដោយប្រើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ 

វគ្គបណ្តុះបណ្តាលនេះ សិក្សាស្រាវជ្រាវផ្នែកបុរាណ វិទ្យា ជាមួយម៉ាស៊ីន GPR ផ្តោតទៅលើការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ ដោយសិក្សាលើទ្រឹស្តី និងការ អនុវត្តជាក់ស្តែងនៅទីតាំងបុរាណដ្ឋានផ្ទាល់ ដែលអាជ្ញាធរជាតិអប្សរា សហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)។

លោក រ៉ម វិចិត្រ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើការប្រើប្រាស់ម៉ាស៊ីន GPR និងការវិភាគទិន្នន័យ។ ក្រៅពីរៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏អនុវត្តជា មួយម៉ាស៊ីន GPR នៅលើទីតាំងបុរាណដ្ឋានផ្ទាល់ និងបានយកទិន្និន័យដែលទទួលបាននោះមកវិភាគនៅ ក្នុងថ្នាក់ជាមួយគ្រូបង្គោលជំនាញភូគព្ភវិទូផ្នែកបុរាណ វិទ្យាកូរ៉េ នៅវិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌។


   លោក វិចិត្របន្តថា ម៉ាស៊ីននេះ មានសមត្ថភាពអាចមើលឃើញវត្ថុនៅក្នុងដី និងបម្រែបម្រួលស្រទាប់ដីពីមួយស្រទាប់ទៅមួយស្រទាប់ អាចដឹងថាទីតាំងនោះ ជាប្រលាយ ឬជាអ្វីផ្សេងៗដែលលុបកប់បាត់នៅក្នុងដីជាយូរឆ្នាំមកហើយ ដែលយើងមើលនិងភ្នែកទទេមិនឃើញ។

បុគ្គលិកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងដែរថា ការប្រើប្រាស់ម៉ាស៊ីន GPR នៅក្នុងវិស័យបុរាណវិទ្យា ពិតជាទទួលបានទិន្នន័យជាក់លាក់មួយ ដើម្បីយកធ្វើជាឯកសារយោងមុននឹងកំណាយស្រាវជ្រាវអ្វីមួយ ដែលអាចចំណេញទាំងពេលវេលា និងកម្លាំងពលកម្មផង។ ទោះបី មិនច្បាស់ លាស់១០០ភាគរយ តែជាផ្លូវមួយឱ្យយើងជ្រើសរើសទីតាំងស្រាវជ្រាវបានត្រឹមត្រូវ និងសុក្រិតជាងមុន។

លោក រ៉ម វិចិត្រ និងអ្នកស្រី បឿត សុប៉ាក បានបញ្ជាក់ថា ទោះបី វគ្គបណ្តុះបណ្តាលនេះ មានរយៈ ពេលខ្លី ក៏ប៉ុន្តែអាចយល់បាន និងបានផ្តល់នូវចំណេះ ដឹងច្រើនទាំងការប្រើប្រាស់ម៉ាស៊ីន GPR ព្រមទាំងមេរៀន ដែលគ្រូបង្គោលយកចិត្តទុកដាក់ទៅលើការ សិក្សារបស់សិក្ខាកាមទាំងអស់គ្នា ដែលតែងតែសួរនាំ  ព្យាយាមពន្យល់ លើកទឹកចិត្ត និងជំរុញដោយមិនមានភាពនឿយហត់ ដើម្បីឱ្យសិក្ខាកាមបានដើរទៅមុខបានទាំងអស់គ្នា។

សិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង និងផ្តល់ឱកាសក្នុងការសិក្សាស្វែងយល់ទទួលចំណេះដឹងថ្មី ដើម្បីអនុវត្តការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព។ ពិសេសសំណូមពរដល់ស្ថាប័នទាំងពីរ បន្តសហការគ្នាបណ្តុះបណ្តាលដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាបន្តទៀត នាពេលអនាគត៕

About ad3fqkn

Check Also

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories