អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ដុះបណ្ដាលអ្នកបន្តវេនធ្វើខ្មុកម្រ័ក្សណ៍ខ្មែរនៅស្នាក់ការអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក

អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់លើការថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតា ដោយជួយជ្រោមជ្រែងដល់អ្នកជំនាញផ្នែកសិល្បៈខ្មុកម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើននាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន តាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជា្ជជីវៈដូនតា ដើម្បីឱ្យអ្នកមានចិត្តស្រឡាញ់វិស័យនេះបានរៀនសូត្រ និងបានទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។

លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា អស់រយៈពេល១១ខែមកហើយ។ គ្រូបង្គោលរូបនេះបានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុកម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាពទូលំទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើងសម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។ ដោយឡែកនៅក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀនផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្មពេលរៀនចប់។

លោក យុន តារារ័ត្ន បានចំណាយពេល២ថ្ងៃរៀងរាល់ចុងសប្ដាហ៍ ធ្វើដំណើរចេញពីក្រុងសៀមរាបឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីបង្រៀនយុវជន និងពលរដ្ឋនៅទីនោះ។ បើទោះបីជាពេលវេលាខ្លី លោក តារារ័ត្ន បានព្យាយាមបង្ហាត់បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយធ្វើឡើងក្នុងទម្រង់ក្បួនខ្នាតនៃសិល្បៈខ្មែរ ហើយឃើញថាការខិតខំរបស់សិស្សងាយចាប់បាន និងអាចធ្វើបានតាមអ្វីដែលគ្រូបានដាក់ឱ្យអនុវត្ត។

វគ្គបណ្តុះបណ្តាលនេះ មានពលរដ្ឋ និងយុវជនប្រមាណ១៥នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ និងជ្រើសរើស រៀនជំនាញខ្មុកម្រ័ក្សណ៍។ អ្នកស្រី ប៊ុន ចាន់ធី អាយុ៤៥ឆ្នាំ គឺជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនទៀត ដែលមាននិស្ស័យនឹងសិល្បៈខ្មុកម្រ័ក្សណ៍ ដែលធ្វើឱ្យការរៀនសូត្រឆាប់យល់ និងចេះចាំនូវក្បួនធ្វើតាមដំណាក់កាលនីមួយៗ។ អ្នកស្រី ប្រាប់ថា ជំនាញធ្វើខ្មុកម្រ័ក្សណ៍នេះមានការលំបាក ដោយត្រូវការភាពអត់ធ្មត់ជាច្រើន។ សព្វថ្ងៃ អ្នកស្រីអាចចេះផលិតខ្មុករូបសត្វ ដន្លាប់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។ អ្នកស្រី សង្ឃឹមថាក្រៅពីជួយអ្នកស្រីឱ្យយកទៅធ្វើជាមុខរបររកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃទៅថ្ងៃអនាគត គឺជាការផ្តល់ឱកាសឱ្យអ្នកភូមិធម្មជាតិរុនតាឯកបានចូលរួមថែរក្សាមរតកវប្បធម៌ដូនតាខ្មែរ។

ចំណែកកញ្ញា សិទ្ធ សុណាន់ ដែលជានិស្សិតរៀននៅសកលវិទ្យាល័យផង បានឆ្លៀតពេលទំនេរចុងសប្ដាហ៍មករៀនសិល្បៈធ្វើខ្មុកផង។ កញ្ញាប្រាប់ថា ជំនាញនេះពិតជាមានសារសំខាន់ក្នុងការជួយថែរក្សាមរតកវប្បធម៌របស់ដូនតាខ្មែរ។ នាងនិយាយថា កាលពីមុននាងមិនដែលស្គាល់អ្វីទៅជាសិល្បៈខ្មុកម្រ័ក្សណ៍ និងជាក្បាច់រចនារបស់ខ្មែរទេ។ ប៉ុន្តែបន្ទាប់ពីចូលរៀនជំនាញនេះ មិនត្រឹមតែធ្វើឱ្យនាងស្គាល់មរតកវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរប៉ុណ្ណោះទេ គឺថែមទាំងចេះធ្វើវាទៀត និងមានមោទនភាពយ៉ាងខ្លាំងចំពោះចំណេះជំនាញមួយនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *