
ក្នុងអំឡុងពេលពិភាក្សា SIAVB បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលង Bièvres ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។

នៅខែសីហា ឆ្នាំ២០២៦ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។

ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៏បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹកនានានៅតាមបណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាពលម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។

រូបថតទាំងនេះបង្ហាញពីវឌ្ឍនភាពដែល SIAVB សម្រេចបានរហូតមកដល់ពេលនេះ។ គួរបញ្ជាក់ដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលង Bièvres របស់ខ្លួន មិនលិចលង់ដោយទឹកជំនន់ ដូចដែលអាជ្ញាធរជាតិអប្សរា បានការពារតំបន់អង្គរកុំឱ្យប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីឆ្នាំ២០០៧ និងក្រុងសៀមរាប ចាប់តាំងពីឆ្នាំ២០១២ កន្លងមកដែរ៕




