ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។

ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។

លោក សុវណ្ណដេត បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការ ដើរទស្សនាខ្លោងទ្វារនេះចាប់ ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិច ជាដើម។

ក្រៅពីនេះ ខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ ក្រៅពីភ្នំបាខែងដែលនៅក្បែរនោះ។ ពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។

តាមការប៉ាន់ស្មានរបស់ប្រធានភ្នាក់ងារទេសចរណ៍នៅទីនោះ បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានភ្ញៀវទេសចរ ចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ទៅជាង២០០០នាក់។ ដើម្បីសម្រួលដល់កិច្ចការងារនេះ លោក សុវណ្ណដេត បានបញ្ជាក់ថា ក្រុមការងារលោកក៏បានជួយសម្រួល ការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្កាកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *