គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ឬ Angkor Water Resilience Project ( AWR) បានរៀបចំកម្មវិធីចែកសម្ភារកសិកម្ម និងគ្រាប់ពូជ ជូនកសិករនៅឃុំដូនកែវ ស្រុកពួក ចំនួន ៦៧គ្រួសារ ឃុំពាក់ស្នែង ស្រុកអង្គរធំ ៣៦គ្រួសារ ឃុំលាងដៃ ស្រុកអង្គរធំ ៩៦គ្រួសារ និងសង្កាត់គោកចក ក្រុងសៀមរាប ៤២គ្រួសារ សរុបចំនួន ២៤១គ្រួសារ។ គម្រោងបានផ្តល់ជូនកសិករនូវ ពូជដំណាំមួយចំនួន កំបោរសកសិកម្ម ធុងថ្នាំសម្រាប់ធ្វើជីធម្មជាតិ ធុងទឹក ប្រព័ន្ធដំណក់ទឹក ធុងសម្រាប់ស្រោចបន្លែខ្នាតតូច។
លោក ស៊ន វណ្ណឌី អ្នកសម្របសម្រួលគម្រោងបានឱ្យដឹងថា គម្រោង AWR នេះជាគំនិតផ្តួចផ្តើមឡើងរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT) នៃប្រទេសណូវែលហ្សេឡង់ ហើយអនុវត្តដោយអង្គការលីវអែនលឺន Live & Learn ។

គម្រោងមានគោលដៅក្នុងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាពរបស់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ឧទ្យានអង្គរ ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ ទី១ ការស្ដារហេដ្ឋារចនាសម្ព័ន្ធទឹកបុរាណ ទី២ ស្ថានីយបណ្តុះកូនឈើ ផលិតដីបណ្តុះ និងជីកំប៉ុស ទី៣ កម្មវិធីលើកកម្ពស់ការយល់ដឹងដល់ប្រជាសហគមន៍នៅតាមទីវត្តអារាម ទី៤ កម្មវិធីលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សនៅតាមសាលារៀន និងទី៥ សួនបន្លែលក្ខណៈគ្រួសារ និងដំណាំកេរដំណែល។

គួររំឭកដែរថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសណូវែលហ្សេឡង់បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ និងអនុវត្តបាន ៥ដំណាក់កាលមកហើយ ដោយគោលដៅសំខាន់ផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុង និងជុំវិញតំបន់អង្គរ។

ដោយឡែក គម្រោង AWR នេះ ជាគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទី៦ មានរយៈពេល៥ឆ្នាំ ចាប់ផ្តើមកាលពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨ និងកំពុងអនុវត្តនៅក្នុងឃុំ/សង្កាត់គោលដៅចំនួន៤ រួមមានឃុំដូនកែវ (ស្រុកពួក) ឃុំលាងដៃ និងឃុំពាក់ស្នែង (ស្រុកអង្គរធំ) និងសង្កាត់គោកចក (ក្រុងសៀមរាប)៕






