ទំនប់ និងប្រឡាយបុរាណមួយខ្សែដែលស្ថិតនៅខាងជើងក្រុងអង្គរធំត្រូវបានស្តារ និងដំណើរការឡើងវិញ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសនូវែលហ្សេឡង់ (New Zealand)

តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងស្តារទំនប់/ប្រឡាយបុរាណមួយខ្សែដែលមានប្រវែងសរុប៨៣០០ម៉ែត្រ ដែលស្ថិតនៅខាងជើងក្រុងអង្គរធំ ចាប់ពីភូមិភ្លង់ ឃុំលាងដៃ រហូតដល់តំបន់អភិវឌ្ឍពាក់ស្នែង ស្រុងអង្គរធំ។

ទំនប់ប្រឡាយទឹកបុរាណនេះបានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សទំនប់ប្រឡាយបុរាណ ទេសភាពវប្បធម៌ និងជាការស្តារប្រព័ន្ធប្រមូលទឹកពីផ្នែកខាងជើងក្រុងអង្គរធំ ដើម្បីផ្គត់ផ្គង់តាមកសិន្ធុអាងទឹកបុរាណមួយចំនួន និងជួយបំពេញទឹកក្រោមដីក្នុងតំបន់អង្គរ ព្រមទាំងអាចជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋក្នុងឃុំលាងដៃ និងពាក់ស្នែងផងដែរ។

ប្រឡាយនេះក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋនៅសងខាងប្រឡាយ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ជាផលនេសាទ ព្រមទាំងមានធ្វើជាផ្លូវគ្រួសក្រហមមួយខ្សែលើខ្នងទំនប់ស្របមាត់ប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។

DCIM\100MEDIA\DJI_0655.JPG

ក្រៅពីការងារស្តារប្រឡាយ ជួសជុលទំនប់ និងធ្វើផ្លូវនេះ គម្រោងAWR ក៏បានធ្វើការជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួនបីទីតាំង និងសាងសង់សំណង់ធារាសាស្រ្តថ្មីចំនួន១៧ទីតាំង តាមបណ្តោយទំនប់ប្រឡាយបុរាណនេះផងដែរ ដើម្បីជាការបង្កើនសមត្ថភាពក្នុងការងារគ្រប់គ្រង ប្រមូល រក្សាទឹកទុក និងចែកចាយផងដែរ។

គួររំឭកផងដែលថា គម្រោងAWR  គឺជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT)នៃប្រទេសនូវែលហ្សេឡង់ (New Zealand) ដែលកំពុងអនុវត្តដោយអង្គការលីវអែនលឺន(Live & Learn)៕

DCIM\100MEDIA\DJI_0660.JPG


Leave a Reply

Your email address will not be published. Required fields are marked *