ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។

លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា លទ្ធផលជាបឋម នៃការធ្វើកំណាយចំនួន៤ទីតាំង ដើម្បីសិក្សាពីរចនាសម្ពន្ធកសិន្ធុទឹកនៅខាងក្រៅកំពែងជុំវិញព្រះបរមរាជវាំង គឺមានកំណកដីចាក់បង្គររហូតដល់ជម្រៅ៣ម៉ែត្រ ហើយរចនាសម្ពន្ធកសិន្ធុមានកាំសាងពីថ្មបាយក្រៀមមានចំនួនពី៩ រហូតដល់១១កាំ និងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណចំនួន៣ទីតាំងស្ថិតនៅតាមជើងកំពែង ដែលប្រព័ន្ធបង្ហូរទឹកនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំងហូរចូលកសិន្ធុនាសម័យបុរាណ និងរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ផ្នែកខាងក្រៅកំពែង មានកាំធ្វើពីថ្មបាយក្រៀមចំនួន១៥កាំទៀតផង។ ចំណែក ទិសខាងលិចនៃស្រះមានចម្លាក់យ៉ាងប្រណិត។

បុរាណវិទូរូបនេះ បញ្ជាក់ថា ប្រព័ន្ធបង្ហូរទឹក និងកសិន្ធុទឹកនៅជុំវិញកំពែងអតីតព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវកប់បាត់ដោយកំណកដី និងដើមឈើ ដោយកត្តាពេលវេលា មនុស្ស និងការប្រែប្រួលអាកាសធាតុ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក៏នឹងផ្តល់លទ្ធភាពដល់អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកបុរាណឱ្យមានតួនាទីដើមឡើងវិញ ដើម្បីរំដោះទឹកចេញពីខាងក្នុងបរិវេណអតីតព្រះបរមរាជវាំង ដែលជារៀងរាល់ឆ្នាំនៅរដូវវស្សាមានទឹកដក់ជាប្រចាំ ដែលបណ្តាលមកពីប្រព័ន្ធបង្ហូរទឹកទាំងនោះ ត្រូវបានខូចខាតធ្ងន់ធ្ងរ អស់រយៈពេលរាប់រយឆ្នាំមកហើយ៕





