នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (AWR) ដែលជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសណូវែលហ្សេឡង់(New Zealand) អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពី «ទឹក និងប្រាសាទ» ជូននិងប្រគេនទៅដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតំបន់រមណីយដ្ឋានអង្គរ ចំនួន៤៥អង្គនិងនាក់ នៅក្នុងបរិវេណវត្តគោកធ្លក សង្កាត់គោកចក ក្រុងសៀមរាប។
ពិធីនេះមានការនិមន្តចូលរួមជាព្រះអធិបតីពីសំណាក់ព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ មន្ត្រីសង្ឃ ព្រះសង្ឃ និងការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

សិក្ខាសាលានេះមានគោលបំណងក្នុងការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងឱ្យដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត អំពីសារៈសំខាន់នៃទឹកចំពោះប្រាង្គប្រាសាទ និងបង្កើនការចូលរួមក្នុងការថែរក្សាប្រភពទឹក ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជាការរួមចំណែកថែរក្សា និងអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកឱ្យកាន់តែប្រសើរ និងបានគង់វង្សយូរអង្វែងតទៅទៀត៕




