លោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់រយ:ពេល ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើយ ដោយសារតែ
កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ រារាំង លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់ មានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តសៀមរាប អង្គភាពអាជ្ញាសាលា រដ្ឋបាលសាលាខេត្ត គណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ ដ ក) និងក្រសួងយុត្តិធម៌ ជាច្រើនលើក ច្រើនសារក៏ដោយ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានធ្វើការអនុវត្តដោយបង្ខំ “ឱ្យសហចុងចម្លើយរុះរើឥវ៉ាន់ និងចាកចេញពីផ្ទះ និងដី ដែលមានទំហំ ទទឹង១៣ម៉ែត្រ គុណនឹង៥៥ម៉ែត្រ មានព្រំប្រទល់ខាងជើងជាប់នឹងឈ្មោះ ប៉ោ វង ខាងត្បូងជាប់នឹងផ្លូវ ខាងកើតទល់នឹងផ្លូវជាតិលេខ៦៤ ខាងលិចជាប់នឹងឈ្មោះ សេង យ៉ង់ ដែលមានទីតាំងស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប”។
តាមខ្លឹមសារនៃសាលដីកាលេខៈ ១០៦ “ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់ តុលាការកំពូល, សាលដីការដ្ឋប្បវេណីលេខ ០៨ “ក្រ.V.ច” ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ របស់ សាលាឧទ្ធរណ៍ និងសាលក្រមលេខៈ ៣១ “ណ” ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ របស់សាលាដំបូង ខេត្តសៀមរាប ដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះ សោរ ប៊ុនណារី ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ យិត ខាវ និងកូនបំណុលនៃការអនុវត្តឈ្មោះ សុច ច្រឹង ភេទប្រុស កើតឆ្នាំ១៩៧៥ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ហៅ សាម ចាន់ ភេទស្រី កើតឆ្នាំ១៩៨០ ជនជាតិខ្មែរ ។
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះយិត ខាវ សំណូមពរអោយស្ថាប័នអនុវត្តមេត្តាជួយរកយុត្តិធម៌អោយខ្លួនផង ព្រោះតាំពីដាក់ពាក្យបណ្ដឹង ២០១៤ ដល់បច្ចុប្បន្ន មានរយៈពេល ១២ ឆ្នាំមកហើយ៕

