នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KING JONATHAN DALE ឯកអគ្គរាជទូតនៃប្រទេសនូវែលហ្សេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) នៅតាមទីតាំងមួយចំនួនដូចជា អគារមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ស្ថានីយបណ្តុះកូនឈើស្ពានអង្គរ កសិករគំរូនៅភូមិត្រពាំងស្វាយ និងភូមិសណ្តាន់ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៃទំនប់បុរាណនៅខាងជើងក្រុងអង្គរផងដែរ។

សូមរំលឹកជូនផងដែរថា គម្រោង AWR នេះ ទទួលបានជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT)នៃប្រទេសនូវែលហ្សេឡង់ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដោយផ្តោតទៅលើសកម្មភាពការងារសំខាន់ៗចំនួន៥រួមមាន៖

១)ការងារស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តបុរាណ
២)ការងារបណ្តុះបណ្តាលចំណេះដឹងបេតិកភណ្ឌតាមសាលារៀន
៣)ការងារបណ្តុះបណ្តាលចំណេះដឹងតាមវត្ដអារាម
៤)ការងារកសិកម្មលក្ខណៈគ្រួសារ និងដំណាំកេរដំណែល
និងទី៥)ស្ថានីយបណ្តុះកូនឈើ និងផលិតជីកំប៉ុស្ត៕




