មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។ ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។
លោក យិន លាង ជាគ្រូបង្រៀនផ្នែកគំនូរបុរាណ បានឱ្យដឹងថា ការបង្រៀនគំនូរបុរាណដល់សិក្ខាកាមទាំង១៤នាក់ នៅគ្រាដំបូងៗមានការលំបាកខ្លះដែរ ព្រោះពួកគេគ្មានមូលដ្ឋានគ្រឹះផ្នែកនេះ។ ប៉ុន្តែ ក្រោយពីបានការបណ្តុះបណ្តាលជិតមួយឆ្នាំមកនេះ ឃើញថាសិក្ខាកាមបានយល់ដឹងនិងចេះគូរគំនូរបុរាណបានលទ្ធផលល្អប្រសើរច្រើនដែលធ្វើឱ្យលោកជាគ្រូបង្គោលមានចិត្តសោមនស្សក្រៃលែង។ ការបង្រៀននេះសោត លោកបង្រៀនសិស្សឱ្យស្គាល់ពីក្បាច់ខ្មែរ និងក្បួនខ្នាតតាមលំនាំគំនូរបុរាណនៅតាមថែវព្រះវិហារព្រះកែវមរតក ដោយដកស្រង់រូបតួអង្គសំខាន់ៗនៅក្នុងរឿងរាមកេរ្តិ៍។

លោក យិន លាង បានសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឱ្យគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ខាងគំនូរបុរាណនេះអាចបន្តដំណើរបានរយៈពេល១ឆ្នាំទៅមុខថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលកំពុងរៀនជំនាញនេះ រៀនសូត្រឱ្យបានជ្រៅជ្រះ និងទូលំទូលាយ។ លោកយល់ថា គំនូរបុរាណមានសារសំខាន់ ដែលមិនត្រឹមតែផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ហើយក្លាយទៅជាអ្នកបន្តវេនពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋមានចំណេះយកទៅបង្កើតជាមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក វ៉ាន់ ពន្លឺ អាយុ៤៣ឆ្នាំ ជាសិក្ខាកាមផ្នែកគំនូរបុរាណ និយាយថា លោកត្រេកអរនៅពេលដែលមានគ្រូមកបង្រៀនគំនូរបុរាណក្នុងតំបន់ដែលគាត់រស់នៅ។ លោកមានចិត្តស្រឡាញ់គំនូរបុរាណ រួមជាមួយឆន្ទៈ និងទេពកោសល្យពីកំណើតផង ក្រោយពេលទទួលបានការបង្ហាត់បង្រៀនពីគ្រូជំនាញផងកាន់តែជួយជំរុញឱ្យលោកបានយល់ដឹងកាន់តែច្បាស់ពីមួយជំហានទៅមួយជំហាន និងអាចអភិវឌ្ឍចំណេះដឹងបានប្រសើរឡើងថែមទៀត។ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ លោក ពន្លឺ បានរៀនគំនូរបុរាណយ៉ាងយកចិត្តទុកដាក់ យល់ដឹងពីក្បួនខ្នាត និងលក្ខណៈនៃក្បាច់ ហើយនៅពេលលោកសម្លឹងមើលគំនូរបុរាណ គឺកាន់តែធ្វើឱ្យលោកចាប់អារម្មណ៍ ដក់ជាប់ក្នុងចិត្ត និងមានចិត្តស្ងប់ថែមទៀតផង។

ចំណែកអ្នកស្រី ឡាច ពឿត អាយុ៣៧ឆ្នាំ គឺជាសិក្ខាកាមម្នាក់ទៀត បានប្រាប់ថា ការណ៍ដែលអ្នកស្រីបានជ្រើសរើសរៀនគំនូរបុរាណ ព្រោះអ្នកស្រីស្រលាញ់ក្បូរក្បាច់នៅតាមប្រាសាទ ដែលវាតែងដក់ជាប់ចិត្តជានិច្ច ចង់គូរ ចង់រៀន ពេលដែលមានឱកាសរៀនទើបចូលរៀនដោយមិនស្ទាក់ស្ទើរ។ ដ្បិតគ្មានមូលដ្ឋានគ្រឹះលើផ្នែកនេះតែដោយចិត្តស្រលាញ់ អ្នកស្រីបានខិតខំរៀនសូត្រពីលោកគ្រូបង្គោលទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ រហូតអាចគូរបានដោយលទ្ធផលល្អប្រសើរ និងមានបំណងប្រើចំណេះដឹងនេះដើម្បីគូរគំនូរសម្រាប់លក់ទៀតផង៕




