ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា

រមណីយដ្ឋានអង្គរ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅលើទឹកដីជាប្រវត្តិសាស្ត្រនៃបរិវេណវត្តព្រះឥន្ទទេព (ក្បែរប្រាសាទបាយ័ន) បានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយ គឺ “ពិធីកោសក់ បួងសក់ និងបំបួសកុលបុត្រកុលធីតា” ចំនួន ៣២៨រូប។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងយ៉ាងខ្ពង់ខ្ពស់ ដើម្បីបណ្តុះស្មារតីសីលធម៌ និងគុណធម៌តាមគន្លងព្រះពុទ្ធសាសនា ជូនដល់យុវជនខ្មែរ ទុកជាការតបស្នងសងគុណដ៏ឧត្តុង្គឧត្តមចំពោះមាតាបិតា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺជាការត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺជាការរំលឹកដល់មហាសិរីមង្គលទាំង ៣ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វាន។

បន្ទាប់ពីបានឆ្លងកាត់ពិធីកោសក់ និងបួងសក់តាមប្រពៃណីរួចមក កុលបុត្រដែលក្លាយជាសាមណេរ និងកុលធីតាដែលជាសីលវតី នឹងត្រូវសិក្សារៀនសូត្រពីវិន័យសិក្ខាបទ ប្រតិបត្តិធម៌វិន័យ និងចូលរួមក្នុងកិច្ចពិធីសាសនាផ្សេងៗយ៉ាងខ្ជាប់ខ្ជួន។ វគ្គសិក្សាអប់រំតាមផ្លូវធម៌នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ (ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦)។

វត្តមានរបស់សាមណេរ និងសីលវតីរាប់រយអង្គ/រូប ក្នុងសម្លៀកបំពាក់គ្រងចីវរ និងសម្លៀកបំពាក់សីល សាយភាយនូវបរិយាកាសដ៏សន្តិភាព ជ្រះថ្លា នៅចំពោះមុខប្រាសាទបុរាណ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវភាពរឹងមាំនៃ “បេតិកភណ្ឌរស់” ក្នុងរមណីយដ្ឋានអង្គរ ដែលជាព្រលឹងវិញ្ញាណរបស់ជាតិខ្មែរតរៀងមក៕

Leave a Reply

Your email address will not be published. Required fields are marked *