ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។

តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូលដែល ដោយសារ ឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។

ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។ ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។

លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគជ័យជាទីមោទនៈ។ មន្រ្តីរូបនេះមានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែងសម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរតជំនាន់ក្រោយទៀត។ អ្នកជំនាញរូបនេះរំពឹងថា នឹងមានការគម្រោងជួសជុលនៅដំណាក់កាលបន្ទាប់ទៀត ព្រោះថាចំណុចខ្លះដូចជានៅខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុល និងលើកតម្លៃឡើងវិញផងដែរ។

សូមជម្រាបថា គម្រោងទល់ទ្រ និងពង្រឹងបន្ទាន់ប្រាសាទបក្សីចាំក្រុង ធ្វើឡើងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៦។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ មានកម្ពស់សរុប ២៩,២០ម៉ែត្រ និងមានអាយុកាលជាង ១ ០០០ឆ្នាំ៕



