មន្ត្រីស្ថាប័នចម្រុះចូលរួមសិក្ខាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»

មន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក  អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុង ក្នុងរមណីយដ្ឋានអង្គរ មន្ទីររៀបចំដែនដីខេត្តសៀមរាប តំណាងរដ្ឋបាល និងក្រុមប្រឹក្សាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរដែនដីពាក់ព័ន្ធប្រមាណ៤៥រូប បានចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងកិច្ចការពារបេតិកភណ្ឌ»។

   សកម្មភាព នេះ​រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា និងឧទេ្ទសនាមដោយលោក Etienne Clement មេធាវីអន្តរជាតិ ឯកទេសខាងបេតិកភណ្ឌវប្បធម៌ គឺធ្វើឡើងក្នុងគោលបំណង ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ពីការប៉ះពាល់នានា ព្រមទាំងការប្រើច្បាប់ជាតិ អន្តរជាតិ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ពីការបំផ្លាញដោយមនុស្ស ដោយអាយុកាល និងដោយគ្រោះធម្មជាតិជាដើម។

កម្មវិធីនេះ ជាវេទិកាសម្រាប់ការចែករំលែកបទ​ពិសោធន៍ ការផ្តល់ឱ្យសិក្ខាកាម ថ្នាក់ដឹកនាំមកពីស្ថាប័នគ្រប់គ្រងបេតិកភណ្ឌ ដើម្បីស្វែងយល់ពីគោលបំណង មាតិកា និងការបន្ថែមនូវអនុសញ្ញាអន្តរជាតិសំខាន់ៗ រួមនឹងគោលការណ៍ច្បាប់ជាតិ ដែលជាទម្រង់ស្របច្បាប់សម្រាប់កិច្ចការពារសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។

សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗក្នុងទម្រង់ច្បាប់ការពារបេតិកភណ្ឌ ដែលឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *