បន្ទាប់ពីបានសិក្សាអំពីទ្រឹស្តីនៅក្នុងថ្នាក់រៀនអស់រយៈពេលជាច្រើនខែមក នៅថ្ងៃទី១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សិស្សានុសិស្សចំនួន២០០នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទបន្ទាយសំរ៉ែ។
គោលបំណងដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សានៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជានៅតំបន់រមណីយដ្ឋានអង្គរនេះ គឺដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអរិយធម៌ ការរៀបចំរមណីយដ្ឋានអង្គរ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាពជាយូរអង្វែងសម្រាប់តំបន់អង្គរ។
សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕