ចម្លាក់ទេវកថាព្រះនារាយណ៍(វិស្ណុ) ដ៏ល្អឥតខ្ទោះនៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់តាំងនៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះមានតួប៉មចំនួន៥សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។

ប្រាសាទនេះកសាងឡើង នៅដើមសតវត្សទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍ (វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះមានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។

តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។

នៅតាមជញ្ជាំងទាំងបីនៃតួកណ្តាល មានក្បាច់ចម្លាក់រឿងព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា ត្រីវិក្រម (អវតាជាព្រាហ្មតឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។ លើសពីចម្លាក់លើឥដ្ឋ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន ដែលសព្វថ្ងៃរលុបស្ទើរអស់។

ចំណែកឯលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺព្រះនាងលក្ស្មី។ ជាពិសេស លើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែរហមពីររូបអង្គុយសងខាង។
សូមរំលឹកថា ប្រាសាទក្រវ៉ាន់បានទទួលការជួសជុលអភិរក្សនៅទសវត្សឆ្នាំ១៩៦០ ដោយមន្ទីរអភិរក្សដ្ឋានអង្គរ និងអ្នកជំនាញនៃសាលាបារាំងចុងបូព៌ា៕


Leave a Reply

Your email address will not be published. Required fields are marked *