អ្នកជំនាញកំពុងព្យាបាលថ្មពុកផុយនៅបណ្ណាល័យខាងជើងជាន់ទី២ ប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងថ្មនៅបណ្ណាល័យខាងជើង នៃជាន់ទី២ប្រាសាទអង្គរវត្ត ខណៈដែលថ្មទាំងនោះមានការពុកផុយ ប្រេះបែក ដោយសារកត្តាធម្មជាតិ និងអាយុកាល។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការជួសជុលថ្មនេះផ្តោតលើការទប់ស្កាត់កុំឱ្យថ្មបន្តពុកផុយ បែកឬប្រេះបន្តទៀត ដែលអាចប៉ះពាល់ ឬធ្វើឱ្យបាត់បង់រូបរាង ក្បាច់ ចម្លាក់ ពិសេសរូបអប្សរា ប្រសិនបើពុំមានការព្យាបាលបានទាន់ពេលវេលានោះទេ។ អ្នកជំនាញបន្តថា ចំណុចដែលត្រូវជួសជុលរួមមាន ធ្នឹមដំបូល ធ្នឹមសសរ ស៊ុមទ្វារ ជញ្ជាំង និងកម្រាលថ្មដែលមានប្រហោង កន្លែងខ្លះ ត្រូវបានបិទភ្ជិតដោយបាយអដើម្បីការពារជម្រាបទឹក។

ការខូតខាតនៃថ្មប្រាសាទបុរាណ តួយ៉ាងនៅប្រាសាទអង្គរវត្តជាដើម មានកត្តាចម្បងៗមួយចំនួនរួមមាន កត្តាធម្មជាតិ អាយុកាលនៃថ្ម ដែលធ្វើឱ្យថ្មពុកផុយ ផ្ទាត់ របេះ ឬប្រេះជាដើម។ ដើម្បីជួសជុល អភិរក្ស និងទប់ស្កាត់ការខូចខាតទាំងនេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានព្យាបាលដោយដំបូងត្រូវដកជាតិអំបិល ឬជាតិអាស៊ីត បន្ទាប់មកពង្រឹងសាច់ថ្មដើម្បីឱ្យវាមានភាពរឹងមាំឡើងវិញ និងបិទបាយអតាមស្នាមប្រេះ ការពារកុំឱ្យទឹកភ្លៀងជ្រាបចូល។

បើតាមការបញ្ជាក់ថាពីលោក សយ សុភារិន្ទ កន្លងមកក្រុមការងាររបស់លោកធ្លាប់ព្យាបាល និងអភិរក្សថ្មមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ដូចជា ជួសជុលជើងសសរពុកផុយចំនួន ១០ដើម និងព្រះពុទ្ធរូបទាំងបួនអង្គ នៅជាន់បាកាន ជួសជុលជើងសសរនៅជាន់ព្រះពាន់ជាង ៣០ និងជួសជុលចម្រឹងបង្អួចមួយចំនួននៅជិតលោកតារាជ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *