អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក រៀបចំសិក្ខាសាលាស្តីពីការ​វាយ​តម្លៃ​ហានិភ័យ​ដោយការប្រែប្រួល​អាកាសធាតុនៅតំបន់អង្គរ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភព​លោក (World Monument Fund) ក្រោមគម្រោង Preserving Legacies បានរៀបចំសិក្ខា​សាលាស្តីពីការវាយតម្លៃហានិភ័យដោយការប្រែប្រួលអាកាស​ធាតុ​នៅតំបន់អង្គរ ដែលរៀបចំឡើងនៅស្នាក់ការនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ចូលរួមបើកកម្មវិធីសិក្ខាសាលានេះ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់គម្រោង Preserving Legacies ដែលមានស្ថាប័ន ICOMOS, Climate Heritage Network អង្គការ WMF និង National Geographic Society បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្រ្តីចំនួន៣រូប របស់អាជ្ញាធរជាតិអប្សរា និង១រូបទៀតមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ​តាមអនឡាញ និងដោយផ្ទាល់នៅ​ប្រទេសហ្សកដានី និងប្រទេសហ្វីលីពីន  ដោយផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាស​ធាតុ និងផលប៉ះពាល់លើ​តំបន់បេតិកភណ្ឌ។

ឯកឧត្តមបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា មានការយកចិត្តទុកដាក់ខ្ពស់ និងរៀបចំក្រុមការងារវាយតម្លៃហានិភ័យនៃការប្រែប្រួលអាកាសធាតុសម្រាប់រមណី​យដ្ឋានអង្គរ។

បន្ថែមពីនេះ ឯកឧត្តមអគ្គនាយករង បានណែនាំឱ្យសិក្ខាកាមទាំងអស់ដែលជាថ្នាក់ដឹកនាំ អ្នកអាស័្រយផល និងសហគមន៍រស់នៅក្នុងតំបន់អង្គរ យកចិត្តទុកដាក់រៀនសូត្រ និងស្វែងយល់ពីចំណុចសំខាន់ៗពីវាគ្មិន ដើម្បីយកចំណេះដឹងមកប្រើប្រាស់ក្នុងបុព្វហេតុ​អភិរក្សរមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព គាត់​បន្ថយ​ ភាពងាយរងគ្រោះ និងផលប៉ះពាល់ដល់គុណតម្លៃលេចធ្លោជាសកលផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន ដែលកើតឡើងដោយការប្រែ​ប្រួល​អាកាសធាតុជាសកលនេះ។

លោកស្រី Victoria Hermann នាយកគម្រោង Preserving Legacies បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ក្នុងភាពជាដៃគូដើម្បីអនុវត្តន៍គម្រោងបណ្ដុះបណ្ដាលខាងលើ។

លោកស្រីបន្តថា ការថែរក្សាមរតកបេតិកភណ្ឌ ឱ្យមាននិរន្តរភាព គឺមានសារសំខាន់ណាស់ សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងទៅអនាគត ហើយការសិក្សាពីការគ្រប់គ្រងអាកាសធាតុ នឹងជួយឱ្យយើង​មានភាពឈ្លាសវៃដើម្បីការពារ និងអភិរក្សមរតកវប្បធម៌នានាឱ្យ​បានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សាផ្ទាល់នៅតាមប្រាសាទ និងការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *