អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។

ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក។

នៅថ្ងៃទីមួយ ក្រុមអ្នកជំនាញការអន្ដរជាតិ រួមនិងទាំងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលប្រាសាទភ្នំក្រោម ប្រាសាទបក្សីចាំក្រុង ប្រាសាទតាព្រហ្ម ដែលនៅតាមការដ្ឋាននីនួយៗអ្នកជំនាញការស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា៕


Leave a Reply

Your email address will not be published. Required fields are marked *