សន្និសីទស្តីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារបេតិកភណ្ឌ​កូរ៉េ (KHA) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញជាតិ-អន្តរជាតិ ដែលមកពីស្ថាប័នដៃគូលើការងារអភិរក្ស និងជួសជុលប្រាសាទបុរាណជាច្រើនផងដែរ។

ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា ម្សិលមិញ លោកបានអញ្ជើញទៅទស្សនាតំបន់ប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដោយផ្ទាល់ ហើយពិនិត្យឃើញថា លទ្ធផលនៃការអភិរក្ស និងស្ដារឡើងវិញជាច្រើនឆ្នាំមកនេះ មានភាពល្អបំផុត។ លទ្ធផលដ៏ល្អនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកជំនាញកូរ៉េជាមួយនឹងអាជ្ញាធរជាតិអប្សរា។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការអភិរក្សយ៉ាងប្រុងប្រយ័ត្ននៅក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដែលរួមបញ្ចូលទាំងផ្នែកវិទ្យាសាស្ត្រ និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់ក្រុមការងារជំនាញផងនោះ បានធ្វើឱ្យមានភាពជោគជ័យយ៉ាងប្រសើរ។ ជោគជ័យទាំងនេះ អាចកើតឡើងបានដោយសារតែមានភាពជឿជាក់ ទំនុកចិត្ត និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ។

ក្នុងនោះទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នាចែករំលែកជំនាញ ចក្ខុវិស័យ និងការលះបង់យ៉ាងច្រើនក្នុងភាពជាដៃគូ។ ភាពជាដៃគូនេះ មិនត្រឹមតែជាលក្ខណៈផ្លូវការប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈជាមនុស្សធម៌ទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានជូនប័ណ្ណថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ដឹកនាំកូរ៉េផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបេតិកភណ្ឌជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពោលគឺចាប់តាំងពីឆ្នាំ២០១៤មក រដ្ឋាភិបាលកូរ៉េបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ODA តាមរយៈគម្រោងមូលដ្ឋានក្នុងការអភិរក្សក្រុមប្រាសាទព្រះពិធុរ ហើយវិសាលភាពក៏បានពង្រីកដល់គម្រោងនៃការជួសជុលគ្រឹះបាកានរបស់ប្រាសាទអង្គរវត្តផងដែរ។
គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដំណាក់កាលទី២ បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២៦


Leave a Reply

Your email address will not be published. Required fields are marked *