អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហញចែករំលែកចំណេះដឹងដល់សាធារណជនយល់ពីពិធីបុណ្យ និងទំនៀមទម្លាប់នៅសហគមន៍កំពង់ភ្លុក

ក្រុមអ្នកស្រាវជ្រាវនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំបទបង្ហាញចែករំលែកពីលទ្ធផលស្រាវជ្រាវអំពីប្រព័ន្ធជំនឿរបស់សហគមន៍នៅជាប់បឹងទន្លេសាប ករណីសិក្សានៅកំពង់ភ្លុក ដែលត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា កន្លងមកមានអ្នកស្រាវជ្រាវច្រើនទាក់ទងនឹងប្រាសាទ បុរាណដ្ឋាន និងបដិមាសាស្រ្ត ប៉ុន្តែក្នុងនោះការស្រាវជ្រាវទាក់ទងនឹងប្រព័ន្ធជំនឿ ប្រពៃណី និងពិធីបុណ្យទាននៅតាមសហគមន៍ជុំវិញតំបន់អង្គរកាន់តែសំខាន់ ដ្បិតថាវាជាមរតកអរូបីសល់ពីបុរាណ បន្តរស់នៅរហូតដល់បច្ចុប្បន្នដែលយើងគួរយល់ដឹង។ លទ្ធផលនេះ នឹងមានសារសំខាន់សម្រាប់ប្រតិបត្តិករទេសចរណ៍ សម្រាប់ឧទេ្ទសនាមជូនភ្ញៀវបានយល់ដឹងពីប្រពៃណីវប្បធម៌របស់អ្នកស្រុកតាមមាត់ទឹកទន្លេសាប។

ករណីសហគមន៍កំពង់ភ្លុកដែលជាអតីតតំបន់ជាយរាជធានីអង្គរ ក៏នៅមានមរតកអរូបីជាច្រើន ដែលបន្សល់ទុកតាំងពីសម័យដ៏រុងរឿង។ សម្រាប់អ្នកបុរាណវិទូ មរតកអរូបី និងរូបី មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងមិនអាចខ្វះគ្នាបាន ទើបបានគេឱ្យនិយមន័យរមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌមានជីវិត។

សូមជម្រាបថា បទបង្ហាញខាងលើចូលរួមដោយអ្នកជំនាញ៣រូប ក្នុងនោះមានទី១ លោកបណ្ឌិត ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ទី២ លោក អ៊ូ គង្គា បុរាណវិទូ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ និងទី៣ លោក តូច សុភៈ បុរាណវិទូ។ អ្នកស្រាវជ្រាវបានលើកយកពិធីបុណ្យមួយចំនួនរបស់សហគមន៍កំពង់ភ្លុកមកចែករំលែក ដូចជាកិច្ចពិធី ទេសន៍មហាជាតិ ឡើងមាឃ ឆាន់សាន (បុណ្យភូមិ) ដាក់ដំណាក់ (ពេលទឹកស្រក) ចូលឆ្នាំ ឆ្លងចេត្រ ដាក់ដំណាក់ (ពេលទឹកឡើង) ភ្ជុំបិណ្ឌ ចេញវស្សា (អុំទូកថ្វាយអ្នកតា) និងអកព្រះខែ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *