អាជ្ញាធរជាតិអប្សរា សហការជាមួយអ្នកជំនាញអន្តរជាតិ ធ្វើសិក្ខាសាលាផ្សព្វផ្សាយគម្រោងសហការស្រាវជ្រាវថ្មីៗ អំពី eDNA (Environmental DNA) នៅតំបន់អង្គរ និងលទ្ធផលបឋម

សាស្ត្រាចារ្យ Christopher Pottier មកពីវិទ្យាស្ថាននៃសាលាបារាំងចុងបូព៌ា (EFEO) សាស្ត្រាចារ្យ Nicolaj Krog Larsen និងលោកស្រីបណ្ឌិត Abigael Ramsoe អ្នកជំនាញអន្តរជាតិខាង DNA មកពីសកលវិទ្យាល័យ Copenhagen នៃប្រទេសដេនម៉ាក (Denmark) បានសហការជាមួយអាជ្ញាធរជាតិអប្សរា ផ្តល់បង្ហាញនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្នុងអង្គសិក្ខាសាលានេះ មានអ្នកបុរាណវិទ្យា និងអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ចូលរួមចំនួន៣០នាក់ និងសម្របសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។ បទបង្ហាញដំបូងបានរម្លឹកឡើងអំពីវិវឌ្ឍនភាពនៃគម្រោងសហការស្រាវជ្រាវលើនគរូបនីយកម្មសម័យអង្គរ និងការសិក្សាអំពីបរិស្ថានបុរាណវិទ្យា ដែលបាននឹងកំពុងដំណើរនៅតំបន់អង្គរអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ព្រមទាំងបទបង្ហាញអំពី ក្របខណ្ឌវិធីសាស្ត្រនៃការសិក្សា eDNA។

សាស្រ្តារ្យ Pottier បានរម្លឹកថា កាលពីឆ្នាំ២០២២ គម្រោងសហការស្រាវជ្រាវបុរាណវិទ្យាជាមួយអាជ្ញាធរជាតិអប្សរា ដែលមានឈ្មោះកាត់ថា MAFKATA បានសហការជាមួយដៃគូ មជ្ឈមណ្ឌលហ្សេនេទិចភូមិសាស្ត្រ Lundbeck Foundation នៃសាកលវិទ្យាល័យ Copenhagen សាកល្បងប្រើវិធីសាស្ត្រស្រាវជ្រាវថ្មីមួយនៅតំបន់អង្គរ ដែលផ្អែកលើការសិក្សាអំពី DNA បរិស្ថានបុរាណ (eDNA)។ ការស្រាជ្រាវនេះ បានយកទិន្ន័យពីកំណកដី ល្បាប់ក្នុងទឹក ដូចជានៅបាតស្រះអង្គរវត្ត កសិន្ធុអង្គរធំជាដើម។

ការសិក្សាលើទិន្ន័យវិទ្យាសាស្រ្តនេះ នឹងអនុញ្ញាតឱ្យយើងអាចស្វែងយល់ប្រព័ន្ធជីវចម្រុះក្នុងសម័យអង្គរ និងប្រភេទ ពូជក្រុមជីវសាស្ត្រផ្សេងៗបានយ៉ាងច្បាស់លាស់។ ការវិភាគវិទ្យាសាស្រ្តនេះ នឹងផ្ដល់ទិន្នន័យថ្មីៗ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុ្ងងសិក្សាអំពីបរិស្ថានក្នុងក្រុងអង្គរ ប្រព័ន្ធអនាម័យ និងប្រភេទមេរោគបង្កជំងឺ នៅតាមដំណាក់នៃសម័យអង្គរ។

លទ្ធផលបឋមនៃការស្រាវជ្រាវនេះបានបង្ហាញពីការរកឃើញប្រភេទរុក្ខជាតិ ពូជសត្វ បរិស្ថានជុំវិញមនុស្សរស់នៅ របបចំណីអាហារ។ល។ នៅក្នុងដំណាក់កាលនីមួយៗនៃសម័យអង្គរ ព្រមទាំងផ្តល់ជាទិន្នន័យសំខាន់ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តនៅចុងសម័យអង្គរ និងការលើករាជធានីទៅតំបន់ផ្សេងនៅដើមសម័យកណ្តាល៕

Leave a Reply

Your email address will not be published. Required fields are marked *