
គម្រោងនេះផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។ គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់បង្គរនៃល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។

ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន និងទំហំ៖ ស្រះនេះមានរចនាសម្ព័ន្ធសាងសង់ឡើងអំពីថ្មបាយក្រៀម មានរាងចតុកោណកែង ដែលមានបណ្តោយ ៦៥ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
ចំពោះស្ថានភាពដីល្បាប់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកំណកដីចាក់បង្គរ (ល្បាប់ដី) ពីផ្ទៃខាងលើរហូតដល់បាតស្រះបុរាណ មានជម្រៅប្រមាណ ៣,៥ ម៉ែត្រ។

ទន្ទឹមនឹងនេះ ក្រុមការងារក៏សិក្សាកាលប្បវត្តិ និងសិល្បៈស្ថាបត្យកម្ម ដោយផ្អែកលើការវិភាគទៅលើសម្ភារបង្គុំសំណង់ ភស្តុតាងស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១ នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

ភស្តុតាងដ៏លេចធ្លោបំផុត គឺការរកឃើញសិល្បៈចម្លាក់ដ៏ល្អឯក ដែលឆ្លាក់បង្ហាញពីទិដ្ឋភាព និងសកម្មភាពនៃការអុំទូកលំហែកាយ (លក្ខណៈសែនមនោរម្យ)។ ប្រព័ន្ធជីវចម្រុះ និងបរិស្ថានធម្មជាតិបុរាណ រួមមានសកម្មភាពសត្វបក្សាបក្សី សត្វល្មូន និងមច្ឆជាតិជាច្រើនប្រភេទដែលរស់នៅក្នុងប្រព័ន្ធទឹកនោះ។

រីឯទិសដៅការងារបន្ត ដែលក្នុងគោលបំណងថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌អរូបីនិងរូបីដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផែនការបន្ថែមរួមមាន៖ បន្តការស្រាវជ្រាវនិងធ្វើកំណាយបុរាណវិទ្យាបន្ថែមដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំគម្រោងជួសជុល និងពង្រឹងរចនាសម្ព័ន្ធសំណង់ឡើងវិញ ដើម្បីស្តារមុខងារស្រះដ៏ពិសិដ្ឋនេះឱ្យមានទឹក និងដំណើរការឡើងវិញ ព្រមទាំងលើកសម្រស់ទិដ្ឋភាពរូបវន្តនៃស្រះនេះឱ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិស័យទេសចរណ៍នាពេលអនាគត៕




