អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៥០នាក់ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

វគ្គបណ្ដុះបណ្ដាលស្តីពី បេតិកភណ្ឌរៀបចំទ្បើងក្នុងបំណងបណ្តុះមោទនភាពជាតិដល់ក្មេង និងយុវជននេះ។ កម្មវិធីបើកវគ្គបណ្តុះបណ្តាល ប្រារព្ធទ្បើងក្រោមអធិបតីភាព លោក អ៊ឺម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា និងលោក ប្រន ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង។

ក្នុងឱកាសនោះ លោក អ៊ឺម សុខរិទ្ធី  មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្ដីពីការអប់រំបេតិកភណ្ឌ គឺជាកម្មវិធីពិសេសសម្រាប់យុវជនដែលរស់នៅក្នុងតំបន់អង្គរ ដើម្បីស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយយល់ដឹងពីតម្លៃនៃកេរមរតកដូនតាដែលបានបន្សល់ទុក ព្រមទាំងរៀបចំខ្លួន សម្រាប់ធ្វើជាអ្នកបន្តវេនអភិរក្ស និងថែរក្សាមរតកដ៏មានតម្លៃទាំងនោះ ឱ្យគង់វង្សយូរអង្វែងតទៅទៀត។

វគ្គបណ្ដុះបណ្ដាលអប់រំនេះ មានរៀបចំតាមសាលា​បឋមសិក្សាមួយចំនួនក្នុងតំបន់អង្គររូ រូមមាន៖ សាលាបឋមសិក្សាក្របីរៀល បាគង លលៃ តាប៉ាង និងវិទ្យាល័យប្រាសាទបាគង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការអង្គការមរតកវប្បធម៌ខ្មែរ (KHO) ក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌនេះ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង៕


Leave a Reply

Your email address will not be published. Required fields are marked *