ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅបរិវេណសួនច្បារព្រះរាជដំណាក់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅរសៀលថ្ងៃទី១៦ ខែមេសាឆ្នាំ​២០២៥ ដែលត្រូវនិងថ្ងៃវារឡើងសក័  នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។

ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោក​ជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។  ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនដែលរំលងឡើយ។

ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រមូលផ្តុំមិនត្រឹមតែកម្មវិធីកម្សាន្តសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីសាសនា ស្របតាមលំអាននៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដែលប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា ក៏ដូចជាយុវជន បានចូលរួមធ្វើបុណ្យរួមគ្នា ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីទៀតផង។ រូបថត(សសយក)


Leave a Reply

Your email address will not be published. Required fields are marked *