កំពង់ធំ៖ បឹងភេជាបឹងធម្មជាតិ និងជាបឹងប្រវត្តិសាស្ត្រដ៍ធំមួយនៅក្នុងខេត្តកំពង់ធំ ពីដើមឡើយបឹងមួយនេះមានវិសាលភាព ធំល្វឹងល្វើយណាស់ ដែលជាទីកន្លែងអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈនេសាទត្រី ដាក់លប ដាក់មង ចងសន្ទូច ដកព្រលឹត រំចង់ ដកក្រអៅឈូក បេះស្លឹកឈូក ផ្លែឈូក បេះត្រកួន កាត់ ដើមត្រាវលក់ជាដើម និងជាប្រភពសៅ្ម នឹងទឹកសម្រាប់សត្វពាហនៈ របស់ប្រជាពលរដ្ឋទូទៅ ។
បឹងភេ ដែលជាបឹងធម្មជាតិ និងបឹងប្រវត្តិសាស្ត្រនេះស្ថិតនៅក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន និងស្ថិតនៅចំណុចកណ្តាលទីរួមខេត្តកំពង់ធំ ដែលផ្ទៃដីប្រមាណជិត១០០ហិតា។ ប៉ុន្តែមិនគួរយកអាចម៌ដីចាក់លុបបែបនេះទៅវិញសោះ។
ប្រជាពលរដ្ឋបានលើកឡើងថា គួរអោយសោកស្តាយបឹងធម្មជាតិមួយនេះណាស់ ខំរក្សាតាំងពីដូនតាមកហើយ មិនគួរមកបាត់បង់រូបរាងត្រឹមឆ្នាំ២០២៥នេះទៅវិញនោះឡើុយ អាជ្ញាធរគួរពិចារណាអោយបានល្អិតល្អន់។

ក្រុមពលរដ្ឋលើកឡើងទៀតថា ខេត្តចាក់ដីលុបបែបនេះគឺ យកទៅចែកអោយអ្នកដែលមានលំនៅដ្ឋានជាប់មាត់ស្ទឹងសែន ដោះដូរមកទីនេះវិញ។ ចុះហេតុអីបានជាខេត្តសំរេចចិត្តបែបនេះទៅវិញ មិនទុកបឹងធម្មជាតិ សុខចិត្តអភិវឌ្ឍន៍បែបនេះតើចំណេញដែរឬទេ? តើរដ្ឋបាលខេត្តកំពង់ធំសុខចិត្តលុបបំបាត់បឹងភេនេះបានប្រយោជន៍អ្វី ចំពោះមុខមាត់ខេត្តកំពង់ធំទាំងមូល?
ករណីនេះលោកពេញ កែម អភិបាលក្រុងស្ទឹងសែនបានឲ្យអ្នកសារព័ត៍មានដឹងតាមរយះតេលេក្រាមថា ការចាក់អាចម៌ដីលុបបឹងភេខាងលើនេះ ជាគម្រោងរបស់ខេត្ត ដើម្បីរៀបចំធ្វើបុរីរដ្ឋបាលខេត្តកំពង់ធំ។

លោកអ៊ុន បុន្ត អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ នឹងលោកម៉ាក់ ប៊ុនហុងនាយករដ្ឋបាលសាលាខេត្តកំពង់ធំបានឆ្លើយតបស្រដៀងគ្នាតាមប្រព័ន្ធតេលាក្រាមដូច្នេះថា បញ្ហាខាងលើនេះពិតជាមានគម្រោងបុរីរដ្ឋបាលខេត្តមែន តែលោក ស ប៉ាហូ គាត់ជាអ្នកអនុវត្ត សួរគាត់បានដឹងរឿងលំអិត ។
ទន្ទឹមនោះដែរភ្នាក់ងារសារព័ត៌មានបានព្យាយាមទាក់ទងទៅកាន់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំតាមប្រពន្ធ័តេលាក្រាមចូលតែមិនឆ្លើយតប ។

ចំណែកលោកអ៊ឹម សុឌីណា ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ធំបានឲ្យដឹងថា នេះពិតជាគម្រោងរបស់រដ្ឋបាលខេត្ត ។ បឹងនេះមិនត្រូវបានចាក់ដីលុបទាំងអស់ទេ តែត្រូវបានរក្សាទុកសរុបទាំងផ្ទៃបឹង ជំរាល កន្លែងស្មើជើង និងសួនជុំវិញបឹង ប្រមាណ ១០ហិកតា សល់ពីនោះគឺរដ្ឋបាលខេត្តធ្វើជាកន្លែងរដ្ឋបាលប្រមូលផ្តុំ ក្នុងនោះមានអាគាររដ្ឋបាលខេត្ត និងមន្ទីរអង្គភាពផ្សេងៗមួយចំនួន។

យោងតាមការបញ្ជាក់របស់អាជ្ញាធរពាក់ពន្ធ័ បង្ហាញថា បឹងប្រវត្តិសាស្ត្ត្រ ខាងលើនេះពិតជារដ្ឋបាលខេត្តកំពង់ធំចាក់អាចម៌ដីលុបមែន ដោយយកទីតាងខាងលើនេះធ្វើជា សួនច្បារ កន្លែងហាត់ប្រាណ និងទីតាំងបុរីរដ្ឋបាលខេត្តកំពង់ធំពិតមែន៕
