រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទបុរាណក្នុងនិងក្រៅតំបន់អង្គរជាច្រើន

សៀមរាប៖ ឯកឧត្តម​ឡុង កុសល​ អគ្គនាយករងនិងជាអ្នកនាំពាក្យអង្គភាព អាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទបុរាណក្នុងនិងក្រៅតំបន់រមណីយដ្ឋានអង្គរ ដែលបាក់បែក ខូចខាត ជាច្រើនឱ្យប្រែក្លាយទៅជារឹងមាំឡើងវិញ។

ឯងឧត្តមអគ្គនាយករងបញ្ជាក់បែបនេះ គឺនៅក្នងបទបង្ហាញ អំពីសមិទ្ធផលសំខាន់ៗនៃរមណីយដ្ឋានអង្គរ រយៈពេល៣០ឆ្នាំ ដល់ក្រុមអ្នកសារព័ត៌មាន ទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង៥០នាក់ នារសៀលថ្ងៃទី​២៧​ខែឧសភាឆ្នាំ២០២៥ នៅនាយកដ្ឋានសណ្តាប់ធ្នាប់
នៃ​អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម បានបង្ហាញថា​ ចាប់តាំងពីសង្គ្រាមស៊ីវិលបានផុតរលត់នៅក្នុងប្រទេសកម្ពុជាមក ក្នុងរយៈពេល​៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងក្នុងការជួសជុលប្រាសាទយ៉ាងខ្លាំង ហើយរហូតមកទល់បច្ចុប្បន្ននេះក្រុមការងារនៅតែបន្តជួសជុល។ មិនត្រឹម​តែ​ធ្វើឱ្យអង្គរបានរួចផុតពីគ្រោះថ្នាក់ទេ គឺថែមទាំងធ្វើឱ្យតំបន់អង្គរមានតម្លៃលេចធ្លោនិងបរិស្ថានធម្មជាតិមានសោភណភាពស្រស់បំព្រងគ្រប់រដូវកាលទៀត ផង។

រហូតមកដល់បច្ចុប្បន្ននេះការងារជួសជុលប្រាសាទ​បុរាណនៅតែបន្ត ដោយសារតែប្រាសាទបុរាណជាច្រើន មានអាយុកាលចាស់ ទ្រុឌទ្រោម ហើយថ្មកើតជំងឺ និងត្រូវការព្យាបាលផងដែរ។ ក្រៅពីការ​ជួលជុលប្រាសាទបុរាណ ក៏បានប្រឹងប្រែងកែប្រែទេសភាពវប្បធម៌ នៅក្នុងតំបន់អង្គរ ឱ្យមានភាពបៃតង ដោយបានដាំកូនឈើនៅក្នុងតំបន់អង្គរចំនួនជាង២លានដើម។


លើសពីនេះ អាជ្ញាធរជាតិអប្សរាបានលើកកម្ពស់ជីវភាពពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ ឱ្យមានជីវភាពសមរម្យ តាមរយៈការសាងសង់ផ្លូវថ្នល់ជាច្រើនខ្សែ ការស្ដារនិងពង្រីកប្រព័ន្ធធារាសាស្ត្រសម័យបុរាណ ដោយនាំទឹកមកការពារតំបន់អង្គរផង ផ្ដល់ទឹកឱ្យប្រជាពលរដ្ឋអាចយកទៅស្រោចស្រពវិស័យកសិកម្មផងនិងទីក្រុងអាចយកទឹកទៅប្រើប្រាស់ផង។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ចូលរួមលើកកំពស់សុខភាពនិងវិស័យកីឡាដល់សាធារណ:ជនដែរ ដូចជាបានបង្កើតផ្លូវថ្នល់ជាច្រើននៅក្នុងតំបន់អង្គរដើម្បីឱ្យប្រជាពលរដ្ឋនិងអ្នកទេសចរអាចជិះកង់ កម្សាន្ត ហាត់ប្រាណមើលធម្មជាតិ។ល។

ឯកឧត្តមឡុង កុសល​ បង្ហាញថា ការប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារគ្រប់គ្រងនិងថែរក្សាតំបន់អង្គរក្នុងរយៈពេល៣០ឆ្នាំមកនេះ បានធ្វើឱ្យតម្លៃអង្គរមានភាពលលេចធ្លោឡើងយ៉ាងខ្លាំង។ តម្លៃលេច​ធ្លោនេះជាសក្ដានុពល ធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មិនអាចកាត់ផ្ដាច់ចេញពីតំបន់អង្គរ​បាននោះទេ។

រីឯលោក​សែត​ កៅ​ ប្រធានសមាគមក្លឹបទេសចរណ៍  លើកឡើងថា តំបន់អង្គរគឺជាសសរទ្រូងនៃវិស័យទេសចរណ៍ប្រមាណ៧០ភាគរយ ដោយបានជួយដល់សេដ្ឋកិច្ចរបស់ខេត្តសៀមរាប។ ដែលអង្គរគឺប្រៀបបានអណ្ដូងដែល”មានទឹកជាមាស”មិនចេះរីងស្ងួត។ លោកសែត កៅ ក៍បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាថែរក្សាអណ្ដូង ដែលមានទឹកមាសមិនចេះរីង​ស្ងួតនេះ​ អោយបានប្រសើរឡើង៕



Leave a Reply

Your email address will not be published. Required fields are marked *