ជនរងគ្រោះសម្រេចប្តឹងអធិការ​ អធិការងនគរបាលក្រុងប៉ោយប៉ែតនិងបក្ខពួកទៅឧបនាយករដ្ឋមន្ត្រី​ ស សុខា​ ករណីសរសេរកំណត់ហេតុក្នុងសំណុំរឿងប្រើអំពើហឹង្សាបំភ្លៃកាពិត

លោក យឹង សារ៉ាត់ ដែលជាជនរងគ្រោះ សម្រេចប្តឹងអធិការ​ អធិការងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែត និងបក្ខពួក ចូលទៅ ឯកឧត្តម អភិសន្តិបណ្ឌិត  ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ករណីធ្វើកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ​២០២៥

តាមពាក្យបណ្តឹងដែលសារព័ត៌មានទើបទទួលបានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើ​អន្តរាគមន៍។

ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជំរាបជូន ឯកឧត្តម អភិសន្តិបណ្ឌិត ថារបាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតី និងក្លែងបន្លំ។


១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថាការកសាងសំណុំរឿងមានភាពមិនប្រក្រតី។

២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមក ទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។
៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត មិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្ខពួកផ្សេងទៀត?
៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយឈ្មោះថាន ធាន សូម្បីមួយដៃ តែខ្ញុំបានយកស្មាទៅប៉ះស្មារបស់គាត់ ដោយហេតុគាត់អស់ជំហរគាត់បានដួល ហើយស្រាប់តែមានបក្ខពួកខាងគាត់វាយលើរូបខ្ញុំឲ្យរបួស​ធ្ងន់ បែជាក្នុងពាក្យបណ្តឹងសរសេរថា ខ្ញុំបាទបានវាយឈ្មោះថាន ធាន មួយដៃទៅវិញ។


៥. សាក្សីរបស់ខ្ញុំបាទ ឈ្មោះ ធៀង សេង បានផ្តល់ចំលើយថា នៅពេលខ្ញុំបាទដើរទៅរកប្រពន្ធនៅតុដែលគាត់កំពុងអង្គុយរួមគ្នាជាមួយឈ្មោះថាន ធាន ខ្ញុំបាទបានសួរថា តើឃើញប្រពន្ធរបស់ខ្ញុំឬអត់? នៅពេលនោះមានបុរសម្នាក់និយាយថា៖ “បើហ្អែងខ្លាចបាត់ប្រពន្ធម៉ិចមិនសរសេរឈ្មោះពាក់នឹងកទៅ?” បែជាលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បំលែងខុសការពិត ប្រែជាសរសេថា ឈ្មោះ ថាន ធាន ដែលអង្គុយជាមួយភរិយារបស់គាត់ ស្រែកសួរគ្នាថា ឃើញប្រពន្ធខ្ញុំៗនៅណា? និងសរសេរថាខ្ញុំបាទជាអ្នកនិយាយ “បើខ្លាចបាត់ប្រពន្ធសរសេរប៉ាយដាក់កទៅ” ទៅវិញ។ តាមការពិតតើឈ្មោះថាន ធាន ស្រែកសួរប្រពន្ធគាត់ដូចម្តេច បើប្រពន្ធគាត់នៅក្បែរខ្លួនគាត់ស្រាប់ទៅហើយនោះ។
៦. ហេតុអ្វីលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បដិសេដ​មិនទទួលសាក្សីរបស់ខ្ញុំបាទឈ្មោះ សែម   ឌីម៉ៅ និងឈ្មោះ ផ្លុង សំអូន?


៧. ក្នុងរបាយការណ៍បញ្ជូន ឥតមានបញ្ជូលរូបភាពខ្ញុំបាទដែលទទួលរងគ្រោះធ្ងន់ធ្ងរ, ឥតមានបង្ហាញរូបភាពខ្សែដៃ ខ្សែករដែលដាច់ និងឥតមានបញ្ជូល​ក្លឹមសារអំពីការបាត់បង់បន្តោងខ្សែកររបស់ខ្ញុំបាទទេ។
៨. នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មុនថ្ងៃកំណត់មួយថ្ងៃទើបខ្ញុំបាទបានទទួលដីកាបង្គាប់ឲ្យចូលខ្លួន។ ឈ្មោះ ឈួន មនោ ប្រគល់ដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការមកខ្ញុំបាទនៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥ បែជាឈ្មោះ ឈួន មនោ មានចេតនាមិនល្អ ធ្វើរបាយការណ៍ជូនចៅក្រម សាលាដំបូងខេត្តបន្ទាយមានជ័យ ថារកខ្ញុំបាទមិនឃើញទៅវិញ។

លោកយឹង សារ៉ាត់ បញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ “ការធ្វើបាយការណ៍ និងការសរសេរកំណត់ហេតុបំភ្លៃការពិតរបស់មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត ធ្វើឲ្យខ្ញុំបាទទទួលរងនៅភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែងឥទ្ធិពលនៃភាពមិនប្រក្រតីនៃរបាយការណ៍ បង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាពនៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការដែលកំពុងកាន់សំណុំរឿងរបស់ខ្ញុំបាទ ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យ ចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើខ្ញុំបាទ ឲ្យមានរបួសធ្ងន់ ជាបក្ខពួករបស់ខ្ញុំបាទទៅវិញ។

តាមការពិតខ្ញុំបាទគ្មានបក្ខពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើខ្ញុំបាទ សុទ្ធសឹងជាបក្ខពួករបស់ឈ្មោះថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះថាន ធានមកសាកសួរនឹងដឹងការពិតជាក់ស្តែងយ៉ាងប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *