សៀមរាប៖ត្រីប្រាក្លាសេរជាង៣តោន ដែលសមត្ថកិច្ចនៅតាមច្រករបៀងបើកបង្ហូរអោយចូលខុសច្បាប់ពីប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចជលផល និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចាប់យកទៅផាកពិន័យ ហើយប្រគល់អោយម្ចាស់យកទៅបន្តចែកចាយវិញ។
ត្រីប្រាក្លាសេទាំងនេះ ត្រូវក្រុមឈ្មួញលួចនាំចូលតាមច្រករបៀងកម្ពុជាថៃ ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដឹកតាមរថយន្តធុនសាំយ៉ុងដោយគ្មានច្បាប់អនុញាតយកទៅស្តូបទុក ហើយបែងចែកបន្តទៅស្រុកបវេល ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលខេត្តសៀមរាប ហើយក៍ត្រូវក្រុមសមត្ថកិច្វក្របួចជាប់កាលពីរសៀលថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិកំពុងតាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យអ្នកព័ត៍មានដឹងថា ក្នុងពេលចុះបង្ក្រាប រថយន្តដឹកត្រីខាងលើបានព្យាយាមបើកគេច តែក៏ត្រូវសមត្ថកិច្ចតាមឃាត់បានរថយន្ត ម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2A.9942 ដឹកត្រីប្រាក្លាសេទឹកកក ដែលមានទម្ងន់ប្រមាណជា៣.០០០គីឡូក្រាមដែលដឹកជញ្ជូន ដោយគ្មានលិខិតអនុញ្ញាត គឺជាបទល្មើសជលផល។ ក្នុងខណៈពេលដែលកំពុង ឃាត់រថយន្តខាងលើ សមត្ថកិច្ចក៍បានឃាត់រថយន្តម៉ាកកាម៉ារីកែឆ្នៃមួយគ្រឿងទៀតដែលផ្ទុកត្រីសម្រាប់ធ្វើចំណីក្រពើគ្មានលិខិតអនុញាតផងដែរ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ វត្ថុតាង រថយន្តសាំយ៉ុងនិងរថយន្តកាមរី រួមទាំងត្រីប្រាខ្លាសេរចំនួន៣.០០០គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ បន្ទាប់ពីបានផាកពិន័យតាមច្បាប់រួចរាល់។
ប្រភពព័ត៌មានបានអោយដឹងថា ត្រីប្រាក្លាសេកំពុងសម្រុកចូលពីប្រទេសថៃ មកកម្ពុជាខុសច្បាប់តាមច្រករបៀងនានា ស្ថិតក្នុងទឹកដីខេត្តបាត់ដំបងនិងខ្លះនាំចូលតាមច្រករបៀងខេត្តបន្ទាយមានជ័យ បន្លំទីផ្សារត្រីក្នុងស្រុកក្នុងមួយថ្ងៃៗពី២០ទៅ៣០តោន។មិនតែប៉ុណ្ណោះបន្តដឹកជញ្ជូនចែកចាយលក់យ៉ាងពេញបន្ទុកតាមបណ្ដាខេត្តផ្សេងៗដូចជាបន្ទាយមានជ័យ ខេត្តសៀមរាបនិងខេត្តកំពង់ធំ និងបាត់ដំបង ជាដើម។

ប្រភពបន្ថែមថា ត្រីប្រាក្លាសេរ ក៍មិនខុសពីសាច់ក្លាសេរនោះដែរ ការនាំចូលចូលពីក្រៅប្រទេសគេចមិនផុតពីមានសារធាតុគីមីនោះឡើយព្រោះគេដាក់ការពារសាច់ឬត្រីកុំអោយស្អុយ។ ប៉ុន្តែប្រសិនបើសមត្ថកិច្ចចាប់ហើយ ត្រឹមតែយកទៅផាកពិន័យ រួចប្រគល់អោយឈ្មួញយកទៅចែកចាយវិញដដែល ហើយពលរដ្ឋទិញយកទៅបរិភោគដដែល នោះវាមិនខុសអីពីពាក្យថា ០+០=០ នោះឡើយ។
ជាមួយនិងហេតុការណ៍ដដែលៗនេះ ពលរដ្ខទទូចសុំអោយថ្នាក់លើជួយដាស់តឿនដល់សមត្ថកិច្ចប្រចាំតាមច្រករបៀងផងល្មមភ្ញាក់ខ្លះទៅ ព្រោះសម្ងំដេកនេះវាយូក្រែលដែរហើយ។ ចំណែកសមត្ថកិច្ចតាមដងផ្លូវក៍ដូចគ្នាដែរ សូមបង្ក្រាបហើយអនុវត្តច្បាប់អោយមានប្រសិទ្ទិភាព កុំប្រើក្បាច់គោះទឹកអោយត្រីរត់ចូលទ្រូ៕


