អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាននឹងកំពុងសាងសង់ជណ្តើរថ្មីចំនួន៧ទីតាំង ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងទៅទស្សនាជាន់ទីបីនៃប្រាសាទបាយ័ន ដែលគ្រោងនឹងបើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។
លោក ហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំនេះដើម្បីសម្រួលដល់ការឡើងទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលជណ្តើរចាស់មានភាពទ្រុឌទ្រោមខ្លាំង។ លោកបន្តថា ការរៀបចំនេះស្របពេលដែលអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកជាន់ទីបី ឬកំពូលប្រាសាទបាយ័ន ឱ្យទេសចរឡើងទស្សនាឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងជួសជុលបានរួចរាល់មួយផ្នែកធំហើយ។

តាមការរៀបរាប់របស់លោក ហេង ប៊ុនណារ៉ា ជណ្តើរថ្មីនេះមានប្រវែងចន្លោះពី៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងរចនាមិនឱ្យរអិលនៅពេលឡើងចុះ។ បច្ចុប្បន្ន ជណ្តើរនេះដំឡើងបានចំនួន៤ទីតាំងរួចហើយ គឺនៅជ្រុងខាងកើត ខាងជើង និងខាងលិច។ គម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕



