គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។

បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញ​ការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈ​កម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។

លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោមអ្នក​ជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច រៀបរាប់ថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេស​សល់​ពីថ្មប្រាសាទជាគំរូផង។

លោក ឈឿង ជ័យ ឱ្យដឹងទៀតថា តាមរយៈបទ​ពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។

ចំណែក លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បាន​ឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។

លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នាជាតាំងពីយូរមកហើយនេះ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះបានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញដោយកត្តាធម្មជាតិ។ ក្រុមអ្នកអភិរក្ស ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល៧ឆ្នាំមកហើយ។ ការជួសជុលនេះគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៦ ខាងមុខ៕


Leave a Reply

Your email address will not be published. Required fields are marked *