អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថាន ដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤

នាព្រឹកថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាល​សន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានបើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯក​ឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ  ព្រមទាំងសិក្ខា​កាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរា។

អង្គសិក្ខាសាលា ដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បី៖ ផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។

ដោយផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា អង្គរ និងបរិស្ថាន តួនាទីនិងភារកិច្ចនៃភ្នាក់ងារសណ្តាប់ធ្នាប់ប្រាសាទដែលកំពុងអនុវត្ត កិច្ចការសាងសង់និងជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរជាដើម។

ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ក្នុងមួយឆ្នាំអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថានដើម្បីតំបន់អង្គរនេះចំនួន៤លើក ដោយក្នុងមួយលើកតម្រូវឱ្យមានសិក្ខាមចំនួន១០០នាក់ មកពីនាយកដ្ឋានទាំង៨ចំណុះឱ្យអាជ្ញាធរជាតិអប្សរាចូលរួម។

ឯកឧត្តមក៏បានបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានបែបស្តង់ដាអន្តរជាតិISO14001 ដែលអាជ្ញាធរជាតិអប្សរា យកមកអនុវត្តតាំងពីឆ្នាំ2003មកនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កិច្ចការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន-អង្គរ។ មិនចំពោះតែផ្ទៃក្នុងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ យើងក៏នៅបានផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋ បណ្តាស្ថាប័ន និងអង្គភាពជុំវិញខេត្តផងដែរ។ ហើយយើងនឹងនៅតែបន្តធ្វើជាប់ជាប្រចាំទៀតផង៕


Leave a Reply

Your email address will not be published. Required fields are marked *