នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទី អាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Meng DeChang អគ្គលេខាធិការនៃរដ្ឋាភិបាលប្រជាជនក្រុង ថាតុង (Datong) ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញការស្វាគមន៍ និងថ្លែងអំណរគុណដល់ រដ្ឋាភិបាលក្រុងថាតុង ដែលបង្ហាញការចង់ចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីអភិរក្សតំបន់រមណីយដ្ឋានអង្គរ។
ពិសេសការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក រវាងរមណីយដ្ឋានបេតិកភណ្ឌ YUNGANG និងរមណីយដ្ឋានអង្គរ តាមរយៈការគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានស្រាវជ្រាវ YUNGANG ស្តីពីការអភិរក្ស និងស្រាវជ្រាវបេតីកភណ្ឌវប្បធម៌ និងបុរាណវិទ្យា ព្រមទាំងឌីជីថលវត្ថុសិល្បៈពីថ្ម នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកស្តីទី មានសុទិដ្ឋិនិយមថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងន័យរួមគ្នាអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌទាំងពីរឱ្យស្របតាមគោលការណ៍ និងបទដ្ឋានអន្តរជាតិ។
ទាក់ទងនឹងការងារអភិរក្សនេះដែរ ឯកឧត្តម យិត ចាន់ដារដ្ឋ ក៏បានរំឭកពីកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាច្រើនរបស់ចិនកន្លងមក ដែលស្ថាប័នទាំងនោះបាននិងកំពុងជួយលើការងារអភិរក្សនៅតាមប្រាសាទ នៃរមណីយដ្ឋានអង្គរ ដូចជាប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទភិមានអាកាសជាដើម។ល។
ឯកឧត្តមសង្ឃឹមថា រដ្ឋាភិបាលក្រុងថាតុង នឹងពន្លឿនកិច្ចសហប្រតិបត្តិការឱ្យបានរហ័ស ក្នុងន័យបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរឱ្យកាន់តែប្រសើរលើវិស័យបេតិកភណ្ឌ៕