វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា

ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទ​បេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។

ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការ​ខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំង​តែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។

អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។

ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលផុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ការងារជួសជុលស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។

មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុម​ការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។

បន្ទាប់ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *