សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសូហ្វីយ៉ា ចាប់ពីថ្ងៃទី២៥ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយការប្រើប្រាស់សំរាម រួមនិងដំណោះស្រាយជាដើម។ល។ ការអប់រំបរិស្ថានចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ ព្រោះវាជាគ្រឹះសម្រាប់ការអប់រំ ដោយឱ្យយល់ពីបញ្ហាទាំងអស់ នោះពួកគេនឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។

ប្រធានបទសំខាន់ៗសម្រាប់ការអប់រំកុមារទាក់ទងនឹងបរិស្ថាននេះ ដំបូងឱ្យក្មេងទាំងនោះយល់ដឹង តើអ្វីជាសំរាមជាមុនសិន និងថាតើរាល់ថ្ងៃពួកគេបានធ្វើអ្វីខ្លះទាក់ទងនឹងបរិស្ថាន?។

សាលាបឋមសិក្សាចំនួន៣ ដែលត្រូវបានជ្រើសរើសជាសាលាគំរូសម្រាប់អនុវត្តន៍គម្រោងលើកនេះមានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាត្រពាំងស្វាយ។ គម្រោងនេះ បានប្រមូលសិស្សទាំង៣ថ្នាក់បញ្ចូលគ្នា មានសិស្សថ្នាក់ទី៤,៥ និងទី៦ ដើម្បីបង្រៀនពីមេរៀនបរិស្ថានផ្សេងៗ ហើយពួកគេនឹងឆ្លងកាត់ការអនុវត្តផ្ទាល់ជាមួយគ្រូបន្ទុកថ្នាក់បន្ថែមទៀត៕




