សៀមរាប៖ ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្តលោកសុខ សប្បាយណា បានថ្លែងថា ការសម្តែងសិល្បទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណ: ជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្តាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែកមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។
លោក សុខ សប្បាយណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នៅបរិវេណមុខប្រាសាទអង្គរវត្ត នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ។ កម្មវិធីអង្គរសង្ក្រានឆ្នាំ២០២៥នេះ ជាព្រឹត្តិការណ៍មួយដែលធំជាងបណ្តាឆ្នាំមុនៗ និងមានកម្មវិធីប្លែកជាច្រើនសម្រាប់ផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ជាពិសេសនោះកម្មវិធីសម្តែងសិល្បទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលនឹងក្លាយជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត។

លោកថ្លែងបន្តថា ចំពោះទិដ្ឋភាពទូទៅអង្គរសង្ក្រាន្តឆ្នាំ២០២៥ បង្កើតឡើងដើម្បីបង្កើនការផ្សារភ្ជាប់ជាមួយមហាជនដែលអាចចូលរួមសកម្មភាពផ្ទាល់ ដើម្បីបង្កើនការផ្សារភ្ជាប់ផ្ទាល់អនុស្សាវរីយ៍ និងការចងចាំ ។ បង្កើនសកម្មភាព ឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសរីករាយបន្ថែមនៅតាមបណ្តាទីតាំងកម្មវិធីនីមួយៗ និងការរចនាប្រកបភាពប្លែកប្រសើរជាបណ្តាឆ្នាំមុនៗ។

លោកសុខ សប្បាយណា បន្តទៀតថា ជាមួយគ្នានេះ អង្គរសង្ក្រាន្តក៏បានផ្លាស់ប្តូរទីតាំងពីព្រះលានជល់ដំរី មកបន្ថែមការរៀបចំនៅមុខប្រសាទអង្គរវត្ត និងនៅសួនច្បារមុខព្រះរាជដំណាក់ និងតាមដងស្ទឹងសៀមរាបផងដែរ។ ការផ្លាស់ប្តូរទីតាំងនេះ ជាការគិតគូរអំពីស្ថានភាពចរាចរណ៍ និងអាកាសធាតុ។

សូមបញ្ជាក់ជូនថា នេះជាឆ្នាំទី១២ ហើយដែលអង្គរសង្ក្រាន្តបានចាប់ផ្តើមមានវត្តមាននៅទឹកដីប្រាង្គប្រាសាទបុរាណនៃខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានមានប្រសាសន៍ថា ការរៀបចំអង្គរសង្គ្រាន្តឆ្នាំទី១២នេះ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ហើយក៏ជាផ្តល់ជូននូវជម្រើសមួយបន្ថែមទៀតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

