ឯកឧត្តម ហ៊ុន ម៉ានី ៖ អង្គរសង្រ្កាន្តនៅខេត្តសៀមរាបឆ្នាំ២០២៥នេះ នឹងមានភាពអស្ចារ្យលើសឆ្នាំមុនៗ

សៀមរាប÷ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍​ថា​ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២៥នេះ នឹងមានភាពអស្ចារ្យ លើសឆ្នាំមុនៗ។

ឯកឧត្តមមានប្រសាន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពី ការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ មុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ចំណុចពិសេសដ៏ធំធេងនៃព្រឹត្តិការណ៍​ អង្គរសង្រ្កាន្ត​ នៃខេត្ត​សៀមរាបឆ្នាំ២០២៥នេះទី១ គឺការយាងរបស់ព្រះ​ករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ  នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១២ ខែមេសាខាងមុខនេះ។

ឯកឧត្តមប្រធានមានប្រសាសន៍បន្តទៀតថា ចាប់តាំង​ពីបង្កើតឱ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មកដល់ឆ្នាំ២០២៥នេះ មានរយៈពេល១២ឆ្នាំហើយ ដោយ​ឡែក​ឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងប្រារព្ធឡើងក្រោមប្រធានបទ«ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» ។

ប្រាកដណាស់រយៈពេល១២ឆ្នាំ ក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឱ្យមានការទាក់ទាញនៅតែមាន ចំពោះព្រឹត្តិការណ៍នេះ។ អង្គរសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២៥នេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើសពីឆ្នាំមុនៗ។


ឯកឧត្តម​បញ្ជាក់ថា​ ខេត្តសៀមរាបពិតជាអស្ចារ្យ និងការទទួលនូវភាពសប្បាយរីករាយនៅក្នុងឆ្នាំ២០២៥​ដែលមានទាំងព្រះរាជពិធីផង មានព្រឹត្តិការណ៍អង្គរសង្រ្កាន្តផង។ឆ្លៀតឱកាសនេះខ្ញុំក៍ សូមថ្លែងអំណរ​គុណ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសចែកសញ្ញាបត្រដល់សិស្សានុសិស្សសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ក្នុងខេត្តសៀមរាប សម្តេចបានប្រកាសហើយថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំ២០២៥នេះ រៀបចំទ្រង់ទ្រាយធំជាមុនបន្ថែមទៀត។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ រយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសាឆ្នាំ២០២៥


Leave a Reply

Your email address will not be published. Required fields are marked *