អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាលនៅរួតទី២ប្រាសាទ​អង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូត​មកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។

លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំង​ស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូត​មកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។

ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។

អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការ​ងារ​ត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាល​ពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។

បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែង​យល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់​ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ ដោយហេតុ​ថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕

Leave a Reply

Your email address will not be published. Required fields are marked *