បឹងពារាំង ជាជម្រកត្រីពង.កូន​ និងជាជម្រកសត្វ​ស្លាបរាប់រយប្រភេទ តែវាក៍អាចបាត់បង់ត្រឹមមួយប៉ព្រិកភ្នែកប្រសិនបើ មានការរំសាយសហគមន៍​ចោល

ខេត្តសៀមរាប=បឹងពារាំង​ គឺជាបឹងធម្មជាតិមួយដ៍ធំមួយ ហើយមានផ្ទៃទឹកល្វឹងល្វើយ ហ៊ុំពទ្ធ័ដោយព្រៃលិចទឹកក្រាស់ៗដែលជាអំណោយផលសម្រាប់ត្រីពងនិងកូន។ ក្រៅពីនោះវាបានផ្តល់ជាជម្រកដល់ប្រភេទសត្វល្មូន ជាពិសេសបានផ្តល់ជាជម្រកសត្វស្លាបរាប់រយប្រភេទផងដែរ។
បឹងធម្មជាតិមួយនេះ ក្រៅពីផ្តល់ជាជម្រកត្រីនិងសត្វក្នុងការរស់នៅបន្តពូជ​ វាក៍ជាតំបន់ទេសចរដ៍ទាក់​ទាញ​មួយផងដែរ​ ក្រៅពីប្រាង្គប្រាសាទបុរាណនិងរមណីយដ្ឋានផ្សេងៗ ត្បិតបឹងពារាំងអ្នកទេសចរអាចទស្សនាព្រៃលិចទឹក រួមទាំងសត្វស្លាបជាច្រើនប្រភេទផងដែរ។ បឹងនេះមានទីតាំងនៅផ្នែកខាងត្បូងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ជាប់និងមាត់បឹងទន្លេសាប។

ដោយសក្តានុពលនៃបឹងនេះ តាមរយ:អាជ្ញាធរមូល​ដ្ឋាន​ ក៍បានស្នើសុំបង្កើតជាសហគមន៍ ដែលមាន​ឈ្មោះ​ថា​ សហគមន៍ទេសចរណ៍​ វប្បធម៍ធម្មជាតិ​ បឹងពារាំង ក្នុងគោលបំណងថែរក្សានិងអភិរក្សត្រីមេពូជ សត្វគ្រប់ប្រភេទ ព្រៃលិចទឹក​ និងទាក់ទាញភ្ញៀវ​ទេស​ចរជាតិនិងអន្តរជាតិផងដែរ ដោយមានលោក​ គង់​ មង្គល​ ជាប្រធាន​។ មកទល់ពេលនេះគេសង្កេតឃើញសត្វគ្រប់ប្រភេទនិងត្រី​ មាន​ការកើនឡើង​ បន្ទាប់ពីមាន​ការជីកស្តាររក្សាទឹកក្នុងការសង្គ្រោះនារដូវប្រាំង។


ប៉ុន្តែត្រី សត្វ​ ព្រៃលិចទឹក​ រួមទាំងជីវ:ចម្រុះ​ នៅក្នុងបឹងពារាំង អាចនឹងបាត់បង់ត្រឹមតែមួយប៉ព្រិកភ្នែក ប្រសិនបើមានការរំសាយសហគមន៍បឹងពារាំងនេះចោល ដូចព័ត៍មានដែលលេចធ្លាយល្ហៀងៗនាពេលថ្មីៗនេះមែន។តាមព័ត៍មានដែលលិចធ្លាយ បានឮល្ហៀងៗថា មន្ត្រីក្នុងសហគមន៍អស់ជំនឿចិត្តខ្លួនឯងព្រោះតែថ្នាក់លើមិនផ្តល់តម្លៃ។ ការងារមិនមានប្រាក់ខែ ធ្វើការមិនគិតថាយប់ឬថ្ងៃ តែរងការចោទថា បំផ្លាញធនធានធម្មជាតិនៅតំបន់បឹងពារាំងទៅវិញ។


ជុំវិញព័ត៍មានដែលលិចឮថា មន្ត្រីគ្រោងធ្វើលិខិតជូនថ្នាក់លើសុំរំសាយសហគមន៍បឹងពារាំងចោល លោកគង់ មង្គល​ ប្រធានសហគមន៍ទេសចរណ៍​ វប្បធម៍ធម្មជាតិបឹងពារាំង មិនធ្វើអត្ថាធិប្បាយវែងទេ​ ដោយលោកបញ្ជាក់ខ្លីថា ប្រសិនបើថ្នាក់លើ រួមទាំងក្រសួងពាក់ពន្ធ័ មិនជួយសហការគាំទ្រទេ អាចនិងរំសាយមែន។ព្រោះការជីកស្តារបឹងរក្សាទឹកសង្គ្រោះត្រីមេពូជនារដូវប្រាំង បែជារងការចោទថាធ្វើអាជីវកម្មទៅវិញ។ក្រៅពីនោះ​ក៍​មានការ​ចោទថា​ លើកផ្លូវគ្មានច្បាប់ក្នុងតំបន់3 និងឈូសព្រៃក្នុងតំបន់2 កាត់ឆ្វៀលអត់​ច្បាប់។


ចំណែក​លោក​ ក្អោប​ រ៉ន​ ចៅសង្កាត់ជ្រាវ​ ក៍បានបញ្ជាក់ស្រដៀងលោកគង់មង្គលដែរ លោកថា​ មន្ត្រីសហគមន៍ទាំងប៉ុន្មានសុទ្ធតែគ្មានប្រាក់ខែទាំងអស់​ តែពួកគេស្មគ្រ័ចិត្តជួយបំរើការងារសហគមន៍មិនគិត ថាយប់ឬថ្ងៃ។ តែក្នុងរយ:ពេលនេះមន្ត្រីទាំងនោះហាក់អស់ជំនឿចិត្តខ្លួនឯង ដោយម្នាក់ៗចង់សុំដកខ្លួនចេញពីសហគមន៍។ ចំពោះរឿងថា​ គ្រោងរំសាយសហគមន៍ លោកចៅសង្កាត់បញ្ជាក់ថាលោកមិនទាន់ដឹងច្បាស់នោះទេ តែបើមន្ត្រីទាំងអស់នោះលាឈប់មែន.​គឺវាដូចជារំសាយ​សហគមន៍អីចឹងតែម្តង។


ចំពោះ​ព័ត៍មាននេះ​ដែរ​ ក៍មានពលរដ្ឋមួយចំនួនបានវែកញែកគ្នានៅតាមតុកាហ្វេ ពិសេសពលរដ្ឋក្នុងសង្កាត់ជ្រាវ ដោយអ្នកខ្លះលើកឡើងថា ហេតុអីនៅសុខ​ៗក៍ឮដំណឹងថា គេចង់រំដាយបឹងពារាំងចោល? បើអីចឹងមែនតើខាងណាមកគ្រប់គ្រងជំនួស? តែបើនៅសុខៗរំសាយមែន តែមួយប៉ព្រិកភ្នែកទាំងត្រី សត្វនិងព្រៃរលាយដូចអំបិលត្រូវទឹកអីចឹង។

ចំណែកអ្នក មួយចំនួនទៀតក៍បានលើកឡើងថា បើក្រុមមន្ត្រីសហគមន៍ខំថែរក្សាអភិរក្សច្រើនឆ្នាំមករីកចម្រើនប៉ុណ្ណឹងហើយបែជាថ្នាក់លើមើលមិនឃើញហើយមកចោទថាធ្វើអាជីវកម្មនាំគ្នាដកខ្លួនចេញក៍ល្អដែរ ទុកអោយថ្នាក់លើមកអភិរក្សខ្លួនឯងទៅ។


ទោះបីយ៉ាងណា​ ពលរដ្ឋដែលបានដឹងដំណឹងនេះ កំពុងបង្ហាញការសោកស្តាយធនធានធម្មជាតិ បើ​សិនជាមានការរំសាយសហគមន៍បឹងពារាំងចោលមែន៕

Leave a Reply

Your email address will not be published. Required fields are marked *