សៀមរាប÷ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ លោក សុខ សប្បាយណា បានលើកឡើងថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា “ខ្មែរធ្វើបាន”។ ក្នុងនោះលោកក៍បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥អោយបានទូលំទូលាយ។
លោកបានថ្លែងបែបនេះ គឺនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ដោយលោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

លោកបានបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។

លោកសោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត ក៏បានលើកឡើងដែរថា ជាការពិតអង្គរសង្ក្រាន្តបានជួយរួមចំណែកធំនៅក្នុងការជួយដល់វិស័យទេសចរណ៍សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែអង្គរសង្ក្រាន្តក៏នៅតែទទួលការវាយប្រហារលាបពណ៌ពីសំណាក់ មជ្ឈដ្ឋានមួយចំនួន នេះក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។
លោកបន្តថា ដូច្នេះការផ្សព្វផ្សាយដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មានបែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សិល្បៈវប្បធម៌ខ្មែរផងដែរ។

សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០១៣ ដែលជាឆ្នាំចាប់ កំណើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ខេត្តសៀមរាបទទួលបានអ្នកទេសចរណ៍ចំនួន១៧ម៉ឺននាក់ ហើយចំនួននេះមានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំរបស់អង្គរសង្ក្រាន្ត ទទួលបានអ្នកទេសចរចូលមកកម្សាន្តប្រមាណជាង២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង១២៦លានដុល្លាអាម៉េរិក។

លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្តពិតជាមានសារៈសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ លោកអភិបាលរងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឲ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប៕

